អតីត​យោធា​ខ្មែរក្រហម​ដែល​បាន​អមដំណើរ ប៉ុល ពត យកទៅ​កាត់ទោស ទទួល​មរណភាព​ដោយសារ​ជំងឺ​

3858
ចែករម្លែក
  • 305
    Shares

​ដោយ :​សោម ប៊ុនថន​ មជ្ឈមណ្ឌលឯកសារកម្ពុជា/​ភ្នំពេញៈ​សន ផាត អតីត​យោធា​ខ្មែរក្រហម​ដែល​បាន​អម​ដំណើរ ប៉ុល ពត យកទៅ​កាត់ទោស នៅ​ឆ្នាំ​១៩៩៧ ទទួលមរណភាព​ដោយ​ជំងឺ​យ៉ាង​ស្ងៀមស្ងាត់​នៅ​គេហដ្ឋាន ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​ក្នុងអាយុ៦០ឆ្នាំ។

សន ផាត អតីត​យោធា​ខ្មែរក្រហម​ដែល​បាន​អមដំណើរ ប៉ុល ពត យកទៅ​កាត់ទោស នៅ​ឆ្នាំ​១៩៩៧ (​សន​ផាត​រូប​ខាងស្តាំ​,​រូបថត​ហ្គូ​ហ្គ​ល​)

​សន ផាត គឺជា​អតីត​យោធា​ខ្មែរក្រហម​មួយរូប ក្នុងចំណោម​យោធា​ខ្មែរក្រហម​ពីររូប​ដែល​បាន​អមដំណើរ និង​គ្រាហ៍ មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត យកទៅ​កន្លែង​កាត់ទោស​ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​ក្នុងស្រុក​អន្លង់វែង ដែល​​ជា​អតីត​មូលដ្ឋាន​តស៊ូ​ចុងក្រោយ​របស់​កងកម្លាំង​ខ្មែរក្រហម​ដែល​ស្មោះស្ម័គ្រ​នឹង តា​ម៉ុក​។ គ្រួសារ និង​មិត្តភក្តិ​របស់ សន ផាត បាន​ឲ្យ​ដឹងថា ខាងលើនេះ​គឺជា​កិច្ចការ​សំខាន់​របស់ ផាត ដែល​បានធ្វើ​ក្នុងអំឡុងពេល​របប ខ្មែរក្រហម​។ ទោះបីយ៉ាងណា អ្នក​ទាំងនេះ​នៅតែមាន​ភាពស្ទាក់ស្ទើរ និង​ភ័យខ្លាច​ក្នុងការ​បង្ហាញ​ពី​ប្រវត្តិ​ច្បាស់លាស់​របស់ សន ផាត ក្នុងអំឡុងពេល​ចូលរួម​ជាមួយ​ចលនា​បដិវត្តន៍​ខ្មែរក្រហម តួនាទី និង​វត្តមាន​នាពេល​កាត់ទោស ប៉ុល ពត ដោយ​តុលាការ​ប្រជាជន​នៅ​ស្រុក​អន្លង់វែង​។

​ប៉ុល ពត ត្រូវបាន តា​ម៉ុក ចោទប្រកាន់ថា បានរៀបចំ​គម្រោង​ផែនការ និង​បាន​បញ្ជា​ឲ្យ​យោធា​សម្លាប់ សុន សេន អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ រួមទាំង​គ្រួសារ នៅក្នុង​ស្រុក​អន្លង់វែង​។

​ប៉ុល ពត បាន​រត់គេច​ពី​កងកម្លាំង​របស់ តា​ម៉ុក ទៅ​លាក់ខ្លួន​នៅក្នុង​រូងភ្នំ​មួយ នៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​។ កង​យោធា​មួយចំនួន​ដែល​រត់​ភៀសខ្លួន និង​តាម​ការពារ ប៉ុល ពត គឺជា​អតីត​យោធា​របស់ តា​ម៉ុក​។ ដោយសារ​អស់​សង្ឃឹមថានឹង​បានទទួល​ជោគជ័យ កង​យោធា​ទាំងនោះ​ចាប់ផ្តើម​រត់ចោល ប៉ុល ពត​។ ក្រោយមក កង​យោធា​របស់ តា​ម៉ុក បាន​រកឃើញ កន្លែង​លាក់ខ្លួន​របស់ ប៉ុល ពត​។ កង​យោធា​របស់ តា​ម៉ុក​បាន​ចូល​ទៅដល់​រូងភ្នំ​ហើយ​បាន​និយាយ​ទៅកាន់ ប៉ុល ពត ដោយ​សម្តី​សុភាពរាបសា​រថា “​យើង សុំ​អញ្ជើញ​អ៊ំ [​ប៉ុល ពត​] ត្រឡប់​ទៅវិញ តា [​តា​ម៉ុក​] ចង់​ជួប​អ៊ំ​”​។ ប៉ុល ពត ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​របស់ តា​ម៉ុក នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៩៧​។ យោធា​របស់ តា​ម៉ុក បាន​សែង ប៉ុល ពត ត្រឡប់មកវិញ​។

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ប៉ុល ពត ត្រូវបាន​កាត់ទោស​នៅ​ចំពោះមុខ “​តុលាការ​ប្រជាជន​” នៅ​អំឡុង​ពេលដែល​ខ្លួន​កំពុងមាន​បញ្ហា​សុខភាព​ជាច្រើន​រួចទៅហើយ ដែល​រួមទាំង​ជំងឺខ្សោយបេះដូង និង​លើសឈាម​តាំងពី​ឆ្នាំ​១៩៩៥ មកម្ល៉េះ​។ នៅពេលនោះ ផ្នែក​ខាងឆ្វេង​នៃ​ដងខ្លួន​របស់ ប៉ុល ពត មិនអាច​ដំណើរការ​បានជា​ប្រក្រតី​ទេ ហើយ​ភ្នែក​ខាងឆ្វេង​របស់គាត់​ស្ទើរតែ​ងងឹត​ទៅហើយ​។ ប៉ុល ពត អាច​ដើរមក​កន្លែង​កាត់ទោស​លុះត្រា​តែមាន​ជំនួយ​ពី សន ផាត អតីត​យោធា​របស់ តា​ម៉ុក និង​អ្នក​ផ្សេងទៀត​តាម​អម និង​គ្រាហ៍​។​

​ប៉ុល ពត ស្លាប់​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៩៨ ដោយសារ​ជំងឺ​នៅ​កន្លែង​ឃុំឃាំង​នៅលើ​ភ្នំ​ដងរែក ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​យោធា​រប​ស់ តា​ម៉ុក​។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​១៩៩៩ តា​ម៉ុក ក៏​ត្រូវបាន​កងកម្លាំង​របស់​រដ្ឋាភិបាល​ចាប់ខ្លួន ចំណែក​កង កម្លាំង​របស់ តា​ម៉ុក ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ក៏បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ តា​ម៉ុក ត្រូវបាន​ឃុំឃាំង​នៅ​តុលាការយោធា ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ស្លាប់​ដោយ​ចាស់ជរា នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០០៦ មួយឆ្នាំ​មុនពេល​អង្គកា​រ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមព្រៀង​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​ជាទូទៅ​ថា សាលាក្តី​ខ្មែរក្រហម ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​ខ្មែរក្រហម​។
​រហូតមកដល់​សព្វថ្ងៃ មាន​ជនជាប់ចោទ​ចំនួន​៣​នាក់​ប៉ុណ្ណោះ រួមមាន កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច​, នួន ជា និង ខៀវ សំផន ដែល​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធ និង​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត ខណៈពេលដែល​ជន​ជាប់ចោទ​៣​នាក់​ទៀត ខកខាន​មិនបាន​កាត់​ទោស​ដូចជា អៀង សារី បាន​ស្លាប់​មុនពេល​តុលាការ​កាត់​ទោស និង អៀង ធី​រិ​ទ្ធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​វង្វេងស្មារតី ហើយ​មិនអាច​ចូលរួម​ក្នុង​សវនាការ​បាន និង​បាន​ស្លាប់​​​បន្ទាប់មក​។ ចំណែក​រឿងក្តី​របស់ អ៊ឹម ចែម អតីត​គណៈ​ស្រុក​ព្រះនេត្រព្រះ តំបន់​៥ ភូមិភាគ​ពាយ័ព្យ ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ស្រុក​អន្លង់វែង កំពុងស្ថិត​នៅក្នុង​ភាពចម្រូងចម្រាស់​រវាង សហ​ចៅក្រម​ស៊ើបអង្កេត ដែល​បាន​លើកលែង​ការ ចោទប្រកាន់​ដោយ​សម្អាង​ទៅលើ​ការខ្វះចន្លោះ​នីតិវិធី ភ័ស្តុ​តាំង និង​ការពន្យា​ពេល​ដោយ​មិន​សមស្រប និង សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​បាន​ប្តឹងទៅ​អង្គ​បុ​រេ​ជំនុំជម្រះ​ដើម្បី​ជំទាស់​ទៅ​ការលើក​លែង​ការចោទប្រកាន់​នេះ​។

​ទោះបី​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅជា​ង​៣០​ឆ្នាំ​មកហើយ ហើយ​តុលាការ​បានកំណត់​អត្តសញ្ញាណ​អ្នក​ដែល​នឹងត្រូវ​ចោទប្រកាន់​រួចហើយ​ក្តី ក៏​រហូតមកដល់​សព្វ​ថ្ងៃនេះ អតីត​យោធា និង​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​នៅ​តំបន់​អន្លង់វែង នៅតែ​មិន​ចង់​និយាយ និង​បង្ហាញ​ពី​អត្តសញ្ញាណ​របស់ខ្លួន​ដែល​ជាប់ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម​ដដែល​៕សរន

​ពិធីបុណ្យ​របស់​សន ផាត​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ