ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រា មលោកលើកទី១(១៩១៤ -១៩១៨ )នេះធ្វើឱ្យរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចនិងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជាដែលមានវ័យចំណាស់៥៨៩ឆ្នាំមកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្តប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់ ។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវនៅក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១(១៩១៤ -១៩១៨ )នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ ២០២៣នេះនៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បន្តថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសក្នុងនោះបណ្តាញផ្លូវក្រុង សួននិងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ ប្រវត្តិសាស្រ្ត និងទីតាំង បុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជា មួយនឹងការការពារ ការអភិរក្ស និងការ ស្ថាបនា ឡើងវិញនូវរូបសំណាកបដិមា ឬ សំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ ។
ដោយឡែកពេលនេះរាជរដ្ឋាភិបាលសម្រេចបានការ សាងសង់ឡើងវិញនូវ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ ឆ្នាំ១៩១៨” ដែលបានសាងសង់ដោយអាណាព្យាបាលបារាំងកាលពីឆ្នាំ ១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ក្នុងរាជ ធានីភ្នំពេញហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញចោលដោយរបបកម្ពុជាប្រជាធិបតេយ្យនៅអំឡុង ឆ្នាំ១៩៧៥ ។
សម្តេចតេជោបន្តថាការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់ ដែល បានពលីជីវិត ក្នុង សង្រ្គាម លោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការ ដាស់ តឿន កុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែល ជាគុណតម្លៃ សកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បី ទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង ច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង ៕