ដោយៈសុផល/កំពត៖គិតមកត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៣,៣៩% ក្នុងនោះមានដូចជា៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត(បំបែកពីផ្លូវជាតិលេខ៣ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ។
ទាក់ទងនឹងគម្រោងនេះ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក។
ការចុះត្រួតពិនិត្យដោយផ្ទាល់នេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង៕/រ