ដោយៈសុខុម/ស្ទឹងត្រែងៈ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាត់មន្រ្តីចុះផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន, ខារ៉ាអូខេ ,ក្លឹបកម្សាន្តទាំងអស់ តម្រូវឱ្យម្ចាស់ហាងគោរព អនុវត្តតាមសារាចរណែនាំស្តីអំពីការផ្អាកការលក់ដូរ និងពិសេសគ្រឿងស្រវឹងមួយថ្ងៃមុន និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោក វន ទុំ ​អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយថា ដោយអនុវត្តតាមសរាចរណែនាំពីលោក ​អ៊ន់ ​ប៉ោសឿន​​​ ប្រធានមន្ទីរបានចាត់លោកបានដឹកនាំមន្រ្តីចុះអនុវត្តផ្សព្វផ្សាយហាមឃាត់ការលក់ដូរគ្រឿងស្រវឹង គ្រប់កន្លែងក្នុងខេត្តជាពិសេសនៅតាមអាហារដ្ឋាន ខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម។ ជាមួយនោះម្ចាស់ទីតាំងលក់គ្រឿងស្រវឹងទាំងអស់សន្យាថានឹងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យបានល្អ៕/R