ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេឡា​រូ​សបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គ្រូបង្ហាត់​មក​ពី​កងកម្លាំង​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner កំពុង​បណ្តុះបណ្តាល​កងទ័ព​របស់ខ្លួន បន្ទាប់​ពី​មាន​ភាពមិនច្បាស់លាស់​ជាច្រើន​សប្តាហ៍​អំពី​អនាគត​របស់​ក្រុម​នេះ​នៅ​ក្រោយ​ការបះបោរ​បរាជ័យ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​ការបះបោរ​រយៈពេល​ខ្លី​ត្រូវបាន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​មួយ ដែល​ក្រោម​នោះ​អ្នក​ប្រយុទ្ធ Wagner មួយចំនួន​និង​មេដឹកនាំ​មាត់ដាច​របស់​ពួកគេ​គឺ លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ត្រូវបាន​សន្មត់​ថា​នឹង​ផ្លាស់​ទៅ​ប្រទេស​បេឡា​រូ​ស​។​

​ប៉ុន្តែ​ប្រធានាធិបតី​បេឡា​រូស លោក អា​ឡិច​សាន់ឌ័​រ លូ​កា​សេន​កូ (Alexander Lukashenko) បាន​បង្ក​ឱ្យ​មាន​ការសង្ស័យ​លើ​កិច្ចព្រមព្រៀង​នេះ នៅពេលដែល​លោក​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា គ្មាន​អ្នក​ប្រយុទ្ធ Wagner ណា​ម្នាក់​បាន​ផ្លាស់​ទៅ​ប្រទេស​នេះ​នៅឡើយ​ទេ​។​

​ក្រសួងការពារជាតិ​បេឡា​រូស​ហាក់​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា យ៉ាងហោច​ណាស់​មាន​អ្នក​ប្រយុទ្ធ Wagner មួយចំនួន​បាន​មក​ដល់​ហើយ​។​

​ក្រសួង​ការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅ​ជិត​តំបន់​អាស៊ី​ប៉ូ​វី​ឈី (Asipovichy) អង្គភាព​នៃ​កងទ័ព​ការពារ​ទឹកដី​កំពុង​ទទួល​ការបណ្តុះបណ្តាល​”​។​

​ក្រសួង​បាន​និយាយថា “​អ្នក​ប្រយុទ្ធ​នៃ​ក្រុមហ៊ុន​យោធា​ឯកជន Wagner កំពុង​ដើរតួ​ជា​គ្រូបង្រៀន​នៅក្នុង​វិន័យ​យោធា​មួយ​ចំនួន​”​។​

​ក្រោយ​មក​ក្រសួង​បាន​បន្ថែមថា ខ្លួន​និង Wagner បាន​ដាក់ចេញ “​ផែនទី​បង្ហាញផ្លូវ​សម្រាប់​រយៈពេល​ខ្លី​មួយ​ស្តីពី​ការបណ្តុះបណ្តាល​និង​ចែករំលែក​បទពិសោធន៍​” រវាង​អង្គភាព​ផ្សេងៗ​៕

​ក្រសួងការពារជាតិ​បេឡា​រូស​ហាក់​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា យ៉ាងហោច​ណាស់​មាន​អ្នក​ប្រយុទ្ធ Wagner មួយចំនួន​បាន​មក​ដល់​ហើយ និង​ថែម​ទាំង​បង្ហាញ​រូបភាព​ទាហាន​Wagner​បង្ហាត់​ទាហាន​បេឡា​រូស​ផង