ដោយ: បូកគោ / កំពត: សកម្មភាពស្ថាបនាផ្លូវកៅស៊ូ តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ត្រង់ចំណុចស្ពានក្បាលរមាស ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិ-ទេសចរណ៍ តំបន់ប្រទាក់ក្រឡា ឆ្លងកាត់ឃុំត្រពាំងសង្កែ និងឃុំកូនសត្វ កំពុងមមាញឹក ដើម្បីបាន សម្រេចរួចរាល់ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤។ ប្រជាពលរដ្ឋ ដែលទទួលផលប្រយោជន៍ ពីផ្លូវមួយខ្សែនេះ បានសម្តែងក្តីត្រេកអរ និងដឹងគុណចំពោះ រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលនេះ។
លោក សេន គឹមសាក់ តំណាងក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ ខាងលើ បានរៀបរាប់ថាៈ ក្រុមការងារ កំពុងមមាញឹក ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដោយបច្ចុប្បន្ន សម្រេចបាន ជាង ៦០ ភាគរយហើយ។ តាមការប៉ាន់ស្មាន ផ្លូវនេះ នឹងសម្រេចរួចរាល់ មុនផែនការ គឺនឹងអាចបញ្ចប់ នៅខែមីនា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋ រស់នៅភូមិកូនសត្វ ឃុំកូនសត្វ បានរៀបរាប់ថាៈ ពួកគាត់ មានក្តីត្រេកអរ យ៉ាងខ្លាំង ពេលឃើញផ្លូវកៅស៊ូ មួយខ្សែនេះ ស្ថាបនាជិតរួចរាល់។ ផ្លូវនេះ មានសារ សំខាន់ សម្រាប់ភ្ញៀវទេសចរទូទៅ ក្នុងការធ្វើដំណើរទៅតំបន់រមណីយដ្ឋាននានា ពិសេសតំបន់កសិ-ទេសចរណ៍នានា ដូចជា ចម្ការម្រេច ទំនប់ប្រទាក់ក្រឡាជាដើម។
ពលរដ្ឋ បានបន្តថាៈ នៅពេលផ្លូវនេះ ស្ថាបនារួចរាល់ ពលរដ្ឋមូលដ្ឋាន កាន់តែមានភាព ងាយស្រួល ក្នុងការដឹកទំនិញសព្វសារពើ ទៅកាន់គោលដៅផ្សេងៗ ដែលធ្វើឱ្យជីវភាព កាន់តែល្អប្រសើរ។ ក្នុងនាម ប្រជាពលរដ្ឋឃុំកូនសត្វ ពួកគាត់សូមថ្លែងអំណរគុណ និងសម្តែងការដឹងគុណ ចំពោះរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលដ៏ថ្លៃថ្លានេះ៕ V / N