ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកកំពុងបង្កើនការប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួននៅជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) ដើម្បីការពារនាវាពីការរឹបអូសពីសំណាក់អ៊ីរ៉ង់ ដោយបន្ថែមថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភខ្លាំងឡើងអំពីទំនាក់ទំនងដែលកំពុងកើនឡើងរវាងអ៊ីរ៉ង់ រុស្ស៊ី និងស៊ីរីនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
ថ្លែងទៅកាន់អ្នកយកព័ត៌មានប្រចាំមន្ទីរបញ្ចកោណ មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់តំបន់ឈូងសមុទ្រពែក្សនៅចុងសប្តាហ៍នេះ ដើម្បីពង្រឹងដល់យន្តហោះវាយប្រហារ A-10 ដែលបានល្បាតនៅទីនោះជាងមួយសប្តាហ៍។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានព្យាយាមរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូសកាលពីសប្តាហ៍មុន ដោយបើកការបាញ់ប្រហារទៅលើនាវាមួយក្នុងចំណោមនោះ។
មន្ត្រីការពារជាតិ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីផ្តល់ព័ត៌មានលម្អិតនៃប្រតិបត្តិការយោធាក្នុងតំបន់ បាននិយាយថា យន្តហោះ F-16 នឹងផ្តល់ជាគម្របការពារលើអាកាសដល់នាវាដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ និងបង្កើនការមើលឃើញរបស់យោធានៅក្នុងតំបន់សម្រាប់ជាការរារាំងអ៊ីរ៉ង់។
កងទ័ពជើងទឹកអាម៉េរិកបាននិយាយនៅក្នុងករណីទាំងពីរខាងលើថា នាវាកងទ័ពជើងទឹកអ៊ីរ៉ង់បានដកថយ នៅពេលដែលនាវាឃាដបំពាក់មីស៊ីលបញ្ជាទិស USS McFaul បានមកដល់កន្លែងកើតហេតុ។
ក្រៅពីនេះ មន្ត្រីការពារជាតិបានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាម៉េរិកកំពុងពិចារណាជម្រើសយោធាមួយចំនួន ដើម្បីដោះស្រាយការបង្កើនការឈ្លានពានរបស់រុស្ស៊ីនៅលើផ្ទៃមេឃលើប្រទេសស៊ីរី ដែលធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវាយប្រហារមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមកាលពីចុងសប្តាហ៍មុន។ មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីជម្រើសទេ ប៉ុន្តែនិយាយថា សហរដ្ឋអាម៉េរិកនឹងមិនបោះបង់ទឹកដីណាមួយឡើយ ហើយនឹងបន្តហោះហើរនៅតំបន់ភាគខាងលិចនៃប្រទេសស៊ីរីក្នុងបេសកកម្មប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។
មន្ត្រីរូបនេះបាននិយាយថា សកម្មភាពយោធារុស្ស៊ីដែលបានកើនឡើងកាន់តែញឹកញាប់និងគឃ្លើនចាប់តាំងពីខែមីនាមកនោះគឺផ្តើមចេញពីកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងមូស្គូ តេហេរ៉ង់ និងរដ្ឋាភិបាលស៊ីរី ដើម្បីព្យាយាមដាក់សម្ពាធលើសហរដ្ឋអាម៉េរិកឱ្យចាកចេញពីប្រទេសស៊ីរី៕
សហរដ្ឋអាម៉េរិកនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់តំបន់ឈូងសមុទ្រពែក្សនៅចុងសប្តាហ៍នេះ