ភ្នំពេញ៖ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិបាននឹងកំពុងបន្តយុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់​ពលរដ្ឋ​ដែលដើរតាមនយោបាយខ្លួនឱ្យគូសសន្លឹកឆ្នោតចោល បើទោះបីជាដឹងថា ទង្វើដែលពួកគេធ្វើនេះដើរបញ្ច្រាសទិសប្រជាធិបតេយ្យ​និងត្រូវបានហាមឃាត់ ដោយច្បាប់ក៏ដោយ។

ភាពគឃ្លើនបំពានច្បាប់របស់ក្រុមជ្រុលនិយមនេះធ្វើឡើងដោយងងឹតងងល់និងដើរតាមការញុះញង់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី។ សម រង្ស៊ីដែលមានទាំងជីតានិងឪពុកក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ បានធ្វើនយោបាយគំនុំសងសឹកប្រឆាំងនឹងជាតិខ្មែរ។ អ្នកស្រាវជ្រាវបានពិពណ៌នាទណ្ឌិត សម រង្ស៊ី ថាជាពស់ក្បាលពីរដែលក្បាលមួយនិយាយផ្អែមពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាមួយពួក​បរទេស និងក្បាលមួយទៀតពោរពេញដោយសម្តីហិង្សា ការញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍និងបំផ្លាញជាតិខ្លួនឯង និងពោរពេញ​ដោយ​វោហាសាស្ត្រភូតភរកុហកបោកប្រាស់។ សម រង្ស៊ី កំពុងតែប្រើក្បាលទី២ ញុះញង់ពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោលដែលផ្ទុយ​ពីច្បាប់។

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅ ពលរដ្ឋខ្មែរជាង ៩,៧លាននាក់​នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យចំនួន ២៣ ៧៨៩ ការិយាល័យទូទាំងប្រទេសកម្ពុជា ដើម្បីជ្រើសរើសគណបក្ស ១ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដើម្បីផ្តល់ជំនឿទុកចិត្តដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំទៅមុខ។ ប៉ុន្តែក្រុមជនក្បត់ជាតិ ៣ ជំនាន់ បាននិងកំពុងប្រើប្រាស់មធ្យោបាយ​ទុច្ចរិតគ្រប់ទម្រង់ដើម្បីរារាំងនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលជាដំណើរការលទ្ធិ​ប្រជាធិបតេយ្យ , ពលរដ្ឋបញ្ចេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំដោយសេរីតាមរយៈការបោះឆ្នោត ក៏ព្រោះតែគណបក្សភ្លើង​ទៀន ដែលជាគណបក្សរបស់ខ្លួនមានកំហុសផ្នែកច្បាប់មិនអាចចូលរួមការបោះឆ្នោតបាន។ សារជាតិជាជនចង្រៃជាតិ បើសិនជាខ្លួនមិន​បានអ្វីមួយ អ្នកផ្សេងទៀតក៏មិនអាចយកបានដោយស្រួលឡើយ។

បើពួកគេមិនបានចូលរួម នោះអ្វីៗគឺសុទ្ធតែមិនប្រជាធិបតេយ្យទាំងអស់។ ប្រសិនបើពួកគេមិនឈ្នះការបោះឆ្នោត អ្វីៗសុទ្ធតែថា​ជាការ​បោះឆ្នោតក្លែង​ក្លាយ និងមិនត្រឹមត្រូវ។ ពួក គេមិនដែលទទួលស្គាល់នូវកំហុសខ្លួនឯងឡើយ។ សូម្បីតែបក្សភ្លើងទៀន​មិនបានចូលរួម​បោះឆ្នោតដោយសារតែកំហុសរបស់ពួកគេផ្ទាល់ និងការប្រមាថលើច្បាប់របស់ខ្លួន ក៏ពួកគេមិនហ៊ានប្រាប់ពលរដ្ឋខ្មែរផង។ ពួកគេមាន​ជំងឺ​​តួឯកប្រជាធិបតេយ្យនិងបានប្រមាថដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះហើយជាចរិតពិតនៃជនក្បត់ជាតិដែលមិនចង់ឱ្យដំណើរ​ការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្វើដំណើរដោយស្រួលឡើយ។ ពួកគេព្យាយាមបំផ្លាញសព្វបែបយ៉ាងទាំងអស់។ កាលពីឆ្នាំ២០១៨ គ្មានខ្មោចបក្សសង្គ្រោះជាតិ ពួកគេបានធ្វើយុទ្ធនាការបំផ្លាញការបោះឆ្នោត ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង តែត្រូវបានបរាជ័យយ៉ាង​អាម៉ាស់។ ឆ្នាំ២០២៣ គ្មានបក្សភ្លើងទៀន ពួកគេបានធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតចោល។ យុទ្ធនាការនេះក៏នឹងត្រូវប្រឈមនឹង​បរាជ័យ​ដ៏អាម៉ាស់ម្តងទៀតព្រោះប្រជាពលរដ្ឋនឹងមិនជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិឡើយ។

ទង្វើទាំងនេះបង្ហាញយ៉ាងច្បាស់ថាអ្វីដែលពួកគេអះអាងថាជាអ្នកប្រជាធិបតេយ្យ ស្រឡាញ់ជាតិ គឺគ្រាន់តែជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ​ប៉ុណ្ណោះ។ ពួកគេគឺជាជនប្រឆាំងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះជនក្បត់ជាតិ សម រង្ស៊ី បានកំពុងអនុវត្តនយោបាយ​ប្រជោបាយនិយម ញុះញង់ប្រជាពលរដ្ឋឱ្យស្អប់និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់ រដ្ឋអំណាច និងប្រឆាំងរដ្ឋអំណាច និងធ្វើអាជីវកម្ម​លើកំហឹងនេះ ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនដោយមិនគិតថាទង្វើញុះញង់ របស់ខ្លួនបង្កនូវផលវិបាកធ្ងន់ និងប្រឈមមុខ​ច្បាប់ឡើយ។ ពួកគេអ្នកញុះញង់នៅក្រៅប្រទេស តែអ្នកដែលត្រូវប្រឈមមុខច្បាប់មុនគេគឺអ្នកនៅ ក្នុងស្រុកដែលអនុវត្តផែនការ​ញុះញង់នេះ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅបុគ្គលពីរនាក់ ម្នាក់ឈ្មោះ លី រី ជាសមាជិកគណៈកម្មាធិការនាយក​គណបក្ស​ភ្លើងទៀន និងម្នាក់ទៀតឈ្មោះ ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្ត​ផែនការ​ទុច្ចរិតញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមច្បាប់។

ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់បាននិងកំពុងធ្វើប្រជោបាយនិយម ញុះញង់ បង្កឱ្យមានការស្អប់ខ្ពើម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុមជនក្បត់ជាតិគួរតែខ្មាសខ្លួនឯងដែលមិនបានធ្វើអ្វីជាដុំកំភួនជួយជាតិឡើយ តែពួកគេបន្តប្រើប្រាស់នយោបាយញុះញង់ដើម្បី​សម្រេច​មហិច្ឆតាអំណាចរបស់ពួកគេ, ធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ ពលរដ្ឋខ្មែរទាំងអស់មិនជឿការញុះញង់នេះឡើយ ហើយអ្នកដែល​បន្តដើរញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលតាមផែនការជនក្បត់ជាតិ នឹងត្រូវបង់ថ្លៃនៅចំពោះមុខច្បាប់៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣