​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល​កាលពី​ថ្ងៃសៅរ៍​បាន​សន្យា​«​ពង្រីក​ទំហំ​»​ជំនួយ​មនុស្សធម៌​និង​ជំនួយ​យោធា​មិន​សម្លាប់​មនុស្ស​ដល់​អ៊ុយ​ក្រែន​ក្រោយ​ជំនួប​កំពូល​មួយ​ជាមួយ​សម​ភាគី​អ៊ុ​យក្រែន លោក​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី​នៅ​ទីក្រុង​គៀ​វ​។​

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​« រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នឹង​ពង្រីក​ការផ្គត់ផ្គង់​ជំនួយ​កាលពី​ឆ្នាំមុន​នៅពេល​យើង​បាន​ផ្តល់​សម្ភារ​ដូចជា​មួក​ដែក​និង​អាវ​ការពារ​គ្រាប់​»​។​ជំនួយ​មនុស្ស​ធម៌​នឹងត្រូវ​បង្កើន​ដល់​១៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ ដោយ​កើន​ពី​ចំនួន​១០០​លាន​កាលពី​ឆ្នាំមុន​។​

​លោក​យូ​ន​បាន​បន្តថា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ក៏​សហការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ក្នុង​គំរោង​ដូចជា សំណង់​ហេដ្ឋារចនាសម្ពន្ធ ក្រោម​ការគាំទ្រ​ដោយ​ឥណទាន​សម្បទាន​ពី​កូរ៉េខាងត្បូង​។​

​ចំណែក​លោក​ហ្សេ​ឡេន​ស្គីបា​ននិយាយថា «​យើង​កំពុង​ពិភាក្សា​អ្វី​គ្រប់យ៉ាង​ដែល​សំខាន់​សំរាប់​ការរស់នៅ​ធម្មតា​និង​សុវត្ថិភាព​របស់​ប្រជាជន​។​អរគុណ​លោក​យូ​ន​ចំពោះ​ការគាំទ្រ​ដ៏​មាន​ឥទ្ធិពល​»​។​

​លោក​យូ​ន​បាន​ទៅធ្វើ​ទស្សនកិច្ច​អ៊ុយ​ក្រែន​ដោយ​មិន​បាន​ប្រកាស​ប្រាប់​ជាមុន​។​លោក​បាន​ទៅ​ដល់​ទីនោះ​ក្រោយ ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នៅ​លី​ទុយ​អា​នី និង​បាន​ទៅ​ទស្សនកិច្ច​ប៉ូឡូញ​កន្លែង​ដែល​លោក​បាន​សម្តែង​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​និង​ស្វែងរក​វិធី​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​របស់​អ៊ុយ​ក្រែន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​មុន​នេះ​ក្នុង​ថ្ងៃ​សៅរ៍ លោក​យូ​ន​បាន​ទៅ​ទស្សនា​កន្លែង​សម្លាប់​រង្គាល​នៅ​ក្រុង​ប៊ូ​ឆា ក្បែរ​រដ្ឋធានី​គៀវ​។​លោក​ក៏​បាន​ទៅ​កាន់​ទីក្រុង​អៀ​ពី​ន ជា​តំបន់​ដែល​អាគារ​ជន​ស៊ីវិល​រស់នៅ​រង​ការវាយប្រហារ​ខ្លាំង​ដោយ​កាំជ្រួច​រុស្ស៊ី​។​

​លោក​ហ្សេ​ឡេន​ស្គីក៏​បានសម្តែង​ការចូលរួ​ម​រំលែកទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ពី​ទឹកជំនន់​ដ៏​ហិនហោច​នៅ​កូរ៉េខាងត្បូង ដែល​រហូត​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​៕

​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ភរិយា ទៅ​ទស្សនា​កន្លែង​សម្លាប់​រង្គាល​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្រុង​ប៊ូ​ឆា និង​ក្រុង​អៀ​ពី​ន មុន​មក​ជួប​ហ្សេ​ឡេន​ស្គី​នៅ​ទីក្រុង​គៀ​វ​