ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ការឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ លោក ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទសំបូរ បានបន្តចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្ស នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឃឹង នុភាព បានថ្លែងក្នុងឱកាសនោះថា សមាជិក សមាជិកា ត្រូវជឿជាក់លើគណបក្ស ប្រជាជនកម្ពុជា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍន៍ប្រទេស ក្រោមម្លប់នៃសុខសន្តិភាព។ រយៈកាលជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
លោក ឃឹង នុភាព ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ៕/V-PC