ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យស្នងការនគរបាល ខេត្តព្រះសីហនុ ចេញកាណូតធំៗ ចំនួន ៥ គ្រឿង ជាមួយនឹងមន្ត្រីជំនាញជើងទឹក ដើម្បីទៅទទួលយកអ្នកជាប់គាំង នៅលើកោះចំនួនប្រមាណជា ៥០០ នាក់ មកកាន់ដីគោកវិញ បន្ទាប់ពីសភាពខ្យល់ និងរលកសមុទ្រ បានថមថយឥទ្ធិពល ទៅវិញបន្តិចរួចមក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានជម្រាបទៅស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យរៀបចំចាត់ចែងបញ្ចេញ កាណូតធំៗ ដើម្បីទៅទទួលយកបងប្អូន ដែលជាប់នៅលើបណ្តាកោះនានា ដោយសារខ្យល់ និងទឹករលកខ្ពស់ៗ ប៉ុន្មានថ្ងៃ ជាប់គ្នាមកនេះ។
លោកអភិបាលខេត្ត ចេញបញ្ជាបែបខាងលើ បន្ទាប់ពីទទួលបានព័ត៌មានថា នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា នេះ សភាពខ្យល់ និងរលក បានថមថយឥទ្ធិពលបន្តិចរួចមក ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់ស្នងការនគរបាលខេត្ត ឱ្យចាត់កម្លាំងមន្ត្រីជំនាញ ជើងទឹក ចុះទៅជាមួយកាណូតធំៗ ដើម្បីជួយរៀបចំ ដោយមានការប្រុងប្រយ័ត្ន នៅតាមកាណូតនិង តម្រូវឱ្យអ្នកដំណើរ មានចំនួនកំណត់ ជាក់លាក់ និងដាច់ខាត ត្រូវតែពាក់អាវការពារសុវត្ថិភាព។
លោក គួច ចំរើន បានបញ្ជាក់ថាៈ អ្នកដែលជាប់នៅលើកោះរ៉ុង មានចំនួនប្រមាណជា ៥០០ នាក់ ហើយនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យចេញកាណូតធំៗ ចំនួន ៥ គ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវ ទាំងនោះ ត្រឡប់មកវិញ។
រំលឹកឱ្យដឹងថា ទូកអ្នកនេសាទ និងកាណូតដឹកជញ្ជូនអ្នកដំណើរ នៅលើផ្ទៃសមុទ្រ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ឱ្យផ្អាកសកម្មភាពទាំងស្រុង បន្ទាប់ពីក្រសួងធន ធានទឹក និងឧតុនិយម បានជូនដំណឹង នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ដីអំពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា សម្ពាធទាបសកម្មមួយ នៅលើភាគខាងជើង ប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ ដែលនឹងអាចក្លាយទៅជាព្យុះទី៤ នៅថ្ងៃទី១៥ ខែកក្កដា ។ ព្យុះនេះ នឹងចូលមកក្នុង សមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម នៅអំឡុងថ្ងៃទី ១៩ ខែកក្កដា ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបខាងលើ នឹងធ្វើឲ្យតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។
សម្រាប់តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួល ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ V / N