ដោយៈប.ខុន/ ភ្នំពេញ៖ស្ថានភាពខ្យល់លើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រនៅតែមានឥទ្ធិពលខ្លាំងគឺក្នុងរង្វង់២២ណត់ក្នុងមួយវិនាទី ដោយសារកម្លាំងស្រូបរបស់ព្យុះទី៤ហើយនៅពេលបន្ទាប់ពីព្យុះនេះរលាយនឹងមានសម្ពាធថ្មីមួយទៀតកើតមាននៅក្នុងសមុទ្រចិនខាងត្បូងដែលនាំឱ្យខ្យល់នៅតែមានឥទ្ធិពលខ្លាំង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជានៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ថាស្ថានភាពខ្យល់នៅលើផ្ទៃសមុទ្រថ្ងៃនេះ(១៧កក្កដា)និងថ្ងៃស្អែកក៏នៅតែខ្លាំងដោយមានល្បឿនខ្លាំងដល់ជាង២២ណត់ក្នុងមួយវិនាទី។នៅព្រឹកថ្ងៃទី១៨ខែកក្កដាខ្យល់អាចចុះនៅក្នុងរង្វង់១៥ទៅ១៦ណត់ក្នុងមួយវិនាទី ដោយសារឥទ្ធិពលព្យុះទី៤ឈ្មោះតាលីម(TALIM )។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថានៅពេលព្យុះទី៤ឡើងគោកនៅខាងជើងប្រទេសវៀតណាមនៅថ្ងៃទី១៨ខែកក្កដាក្រោយពីបានដើរកាត់លើចន្លោះកោះ ហៃណាំនិងដីគោក នឹងមានសម្ពាធទាបមួយទ់ៀតកកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងធ្វើឱ្យស្ថានភាពខ្យល់នៅតែមានឥទ្ធិពលខ្លាំង ហើយភ្លៀងនៅតែមានធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរនៅតំបន់ខ្ពង់រាបភាគឦសាន តែនៅតំបន់មាត់សមុទ្រមានភ្លៀងច្រើននិងតំបន់ផ្សេងពីនេះមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
ក្រសួងធនធានទឹកននិងឧតុនិយមកាលពីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ បានជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣ថាសម្ពាធទាបសកម្មនៅលើភាគខាងជើងប្រទេសហ្វីលីពីនបានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៤នៅថ្ងៃទី១៥ខែកក្កដា ។ ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាមនៅកំលុងថ្ងៃទី១៩ខែកក្កដា ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើនឹងធ្វើឲ្យតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។សម្រាប់តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ៕សរន