ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លីម៉េល​) ៖ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល G20 បាន​បើក​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កក្កដា​ស្តីពី​កិច្ចព្រមព្រៀង​រៀបចំ​រចនា​សម្ពន្ធ​បំណុល កំណែទម្រង់​ធនាគារ​ពហុភាគី និង​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ខណៈ​ពួកគេ​មាន​គោលបំណង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា លោកស្រី នៀ​ម៉ាឡា ស៊ី​ថា​រ៉ា​ម៉ាន់ (Nirmala Sitharaman) ដែល​ជា​ប្រធាន​និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​គន្ធី​រ​ណាហ្គា (Gandhinagar) បាន​ចាប់ផ្តើម​ដោយ​ប្រាប់​ក្រុម​មេដឹកនាំ​ហិរញ្ញវត្ថុ​អំពី “​ទំនួល​ខុស​ត្រូវ​ដែល​យើង​មាន​…​ដើម្បី​ដឹកនាំ​សេដ្ឋកិច្ចពិភពលោក​ឆ្ពោះទៅ​រក​កំណើន​ដ៏​រឹងមាំ និរន្តរភាព តុល្យភាព និង​រួមបញ្ចូល​គ្នា​”​។​

​ថ្លែង​កាន់​អ្នកសារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងរ​ត​នាគារ​អាម៉េរិក លោកស្រី ចា​ណេត យែ​លឡិន (Janet Yellen) លោកស្រី​ស៊ីថា​រ៉ា​ម៉ាន់​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា គន្លឹះ​លើ​របៀបវារៈ​រយៈពេល​ពី​រ​ថ្ងៃនេះ​នឹង​ជា “​ការសម្របសម្រួល​ការ​មូលមតិ​គ្នា​ចំពោះ​បញ្ហា​ដែល​មិន​អាច​ដោះស្រាយបាន ដែល​ទាក់ទង​នឹង​ការកើនឡើង​នៃ​បំណុល​”​។

​លោកស្រី​ស៊ីថា​រ៉ា​ម៉ាន់​បាន​បន្ថែមថា កិច្ចពិភាក្សា​ក៏​នឹង​ផ្តោត​លើ “​បញ្ហា​សកល​សំខាន់ៗ​ផងដែរ ដូច​ជា​ការពង្រឹង​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី និង​ការធ្វើសកម្មភាព​អាកាសធាតុ​ដែល​មាន​ការសម្របសម្រួល​”​។​

​លោកស្រី​យែ​លឡិន​បាន​និយាយថា “​ពិភពលោក​កំពុង​សម្លឹងមើល G20 ដើម្បី​ធ្វើឱ្យ​មាន​វឌ្ឍនភាព​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ជំងឺ​រាតត្បាត ជា​ផ្នែក​នៃ​ការងារ​របស់​យើង​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចពិភពលោក​”​។​

​លោកស្រី​ក៏​បាន​លើកឡើង​ពី​ការងារ​ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​ផង​ដែរ ដោយ​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​រចនា​សម្ពន្ធ​បំណុល​នៅក្នុង​ប្រទេស​សំ​ប៊ី ដែល​លោកស្រី​បាន​ពិភាក្សា​នៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​នេះ​៕

លោ​ល​ស្រី​យែ​លឡិន (​ឆ្វេង​) ស្តាប់​លោក​ស្រី​ស៊ីថា​រ៉ា​ម៉ាន់ ក្នុងអំឡុង​សន្និសីទកាសែត​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល G20