ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការវាយប្រហារមួយកាលពីព្រឹកថ្ងៃចន្ទបានបំផ្លាញស្ពានតភ្ជាប់ពីរុស្ស៊ីទៅកាន់គ្រីម៉េដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងមូស្គូ ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងវិមានក្រឹមឡាំងក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដោយបង្ខំឱ្យមានការបិទបណ្តោះអាសន្នជាលើកទីពីរក្នុងរយៈពេលតិចជាងមួយឆ្នាំ។ មនុស្សពីរនាក់បានស្លាប់និងកូនស្រីរបស់ពួកគេបានរងរបួស។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនសន្តិសុខនៅស្ពានកឺច (Kerch) ប្រវែង ១៩ គីឡូម៉ែត្រ ដោយរំលឹកឡើងវិញនូវការអំពាវនាវដែលគាត់បានធ្វើនៅក្នុងខែតុលា ឆ្នាំ ២០២២ នៅពេលដែលស្ពាននេះបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការបំផ្ទុះដែលរដ្ឋាភិបាលក្រុងមូស្គូក៏បានបន្ទោសទៅលើរដ្ឋាភិបាលក្រុងគៀវដែរ។
លោកក៏បានសន្យាដែរថា “នឹងមានការឆ្លើយតបពីរុស្ស៊ីយ៉ាងពិតប្រាកដ”។
លោកពូទីនបាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយក្រុមមន្ត្រីថា “អ្វីដែលបានកើតឡើងគឺជាអំពើភេរវកម្មមួយផ្សេងទៀតនៃរបបក្រុងគៀវ ។ តាមន័យយោធា វាជាឧក្រិដ្ឋកម្មគ្មានន័យ វាមិនមានសារៈសំខាន់អ្វីទេ ពីព្រោះស្ពានគ្រីម៉េមិនត្រូវបានប្រើប្រាស់ជាមធ្យោបាយយោធាយូរមកហើយ ហើយវាព្រៃផ្សៃ ពីព្រោះជនស៊ីវិលដែលគ្មានកំហុសត្រូវបានរងរបួសនិងស្លាប់”។
ចរាចរណ៍យានយន្តនៅលើស្ពានបានឈប់ដំណើរការកាលពីថ្ងៃចន្ទ ខណៈចរាចរណ៍ផ្លូវដែកក៏ត្រូវបានផ្អាកប្រហែល ៦ ម៉ោងដែរ។
រូបភាពផ្កាយរណប ដែលថតបាននៅព្រឹកថ្ងៃចន្ទដោយ Maxar Technologies បានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅគន្លងខាងកើត និងគន្លងខាងលិចនៃស្ពានឆ្លងកាត់ច្រកសមុទ្រកឺចនៅផ្នែកដែលនៅជិតដីគោករបស់រុស្ស៊ី ដោយយ៉ាងហោចណាស់ផ្នែកមួយបានដួលរលំ។ ស្ពានដែកដែលរត់ស្របទៅនឹងស្ពានហាក់មិនមានការខូចខាតទេ៕
ស្ពានកឺចរងការខូចខាតដោយសារការវាយប្រហារកាលពីថ្ងៃចន្ទ