ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ កក្កដា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបប្រជុំជាមួយលោក ដួង មាសចំរើនអគ្គនាយកកីឡាស្ដីទី និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្ដីពីការបញ្ជូនកីឡាករ កីឡាការិនី ចំនួន ១២ ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិន ។

ការទៅហាត់នៅចិន ជាង ៣ ខែ (១២៥ថ្ងៃ) នេះ គឺបញ្ជូនកីឡាចំនួន ១២ ប្រភេទ ដែលមានអត្តពលិក ចំនួន១៦១នាក់ គឺផ្ដោតគោលដៅធំៗពីរ គឺៈទី១-ដើម្បីត្រៀមការប្រកួត កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន នាចុងខែកញ្ញា ឆ្នាំ២០២៣ និងទី២-ត្រៀមឆ្ពោះទៅ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ហើយពួកគេ នឹងចេញដំណើរ ទៅហាត់ ក្នុងខែសីហា ខាងមុខនេះ។

លោក វ៉ាត់ ចំរើន បានជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវយកចិត្តទុកដាក់ លើការជ្រើសរើស កីឡាករ កីឡាការិនី ដើម្បីបញ្ជូនទៅហ្វឹកហាត់ ទី១ ត្រូវជាកីឡាករ កីឡាការិនី ដែលមានគុណផលខ្ពស់ និងទទួលបានលទ្ធផលល្អ ក្នុងស៊ីហ្គេម ដើម្បីហ្វឹកហាត់ ហើយត្រៀមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីនោះផង។ ទី២-គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លើកទឹកចិត្តឲ្យសហព័ន្ធជាតិ ផ្ដល់ឱកាសដល់ធនធានវ័យក្មេង ជំនួសកីឡាករ-កីឡាការិនីណា ដែលមានអាយុច្រើន ហើយគិតថា ទៅមិនរួច ដើម្បីផ្ដល់លទ្ធភាពឲ្យពួកគេ ត្រៀមការប្រកួតទៅថ្ងៃអនាគត ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ។

សូមបញ្ជាក់ថា កីឡាអាស៊ី នៅទីក្រុង Hangzhou នឹងប្រកួតពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំទ្វីបនេះ លើកមកពីឆ្នាំ ២០២២ ដោយសារបញ្ហាកូវីដ-១៩។ តែក្នុងចំណោមប្រភេទកីឡា ត្រូវបញ្ជូនទៅហាត់ នៅចិន មិនប្រាកដ បានចូលរួមប្រកួតកីឡាអាស៊ី ទាំងអស់នោះទេ ពោលគឺស្ថាប័នជំនាញ នឹងកំណត់យកតែកីឡាករ-កីឡាការិនី មានគុណផលខ្ពស់ សម្រាប់ចូលរួមប៉ុណ្ណោះ ព្រោះនេះគឺជាការប្រកួតកម្រិតខ្ពស់ ។ ចំណែកកីឡាមួយចំនួន ដែលមិនបានទៅហាត់ នៅចិន ក្រសួងអប់រំ ក៏នឹងរៀបចំឲ្យមានការប្រមូលផ្ដុំ ដើម្បីហ្វឹកហាត់បង្កើនសមត្ថភាព ត្រៀមការប្រកួតនេះដែរ ៕ V / N