ដោយ:បូកគោ/កំពត: ពេញមួយថ្ងៃនៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានបង្អុរធ្លាក់ជាច្រើនម៉ោងរហូតបណ្តាលឱ្យជន់លិចផ្នែកខ្លះក្នុងបរិវេណផ្សារសាមគ្គីទីរួមខេត្តកំពតបង្កក្តីលំបាកសម្រាប់អាជីវករ និងអតិថិជន។ 

ក្រោយទទួលព័ត៌មានអំពីទឹកជន់លិចផ្សារខាងលើ ក្នុងថ្ងៃដដែល លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យផ្ទាល់ និងមានប្រសាសន៍ថា កន្លងមក លោកធ្លាប់ណែនាំដល់អភិបាលក្រុងកំពត និងអ្នកវិនិយោគឱ្យស្តារប្រព័ន្ធលូដើម្បីបង្ហូរទឹកចេញបានឆាប់រហ័សពេលភ្លៀងធ្លាក់ម្តងៗ។ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពទឹកលិចលង់ក្នុងបរិវេណផ្សារនៅតែបន្តកើតមាន។ លោកអភិបាលខេត្តបានបន្តថា ជាថ្មីម្តងទៀត អាជ្ញាធរក្រុងកំពត ពិសេសអ្នកវិនិយោគផ្សារត្រូវរកដំណោះស្រាយបន្ទាន់ចំពោះបញ្ហាវិបត្តិដដែលៗនេះ ព្រោះផ្សារសាមគ្គីទីរួមខេត្តកំពតជាផ្សារធំតែមួយនៅក្នុងក្រុងដែលបម្រើប្រយោជន៍ប្រជាពលរដ្ឋទូទៅ។ មិនតែប៉ុណ្ណោះ  ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តតែងតែចូលទិញរបស់របរមិនសូវខកខានឡើយ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថាន សោភ័ណភាព និងផាសុកភាពជារឿងចាំបាច់សម្រាប់ជីវិតរស់នៅ។ លើកនេះ បើអាជ្ញាធរក្រុង និងអ្នកវិនិយោគមិនគិតគូរ មានតែអភិបាលខេត្តចុះមកធ្វើដោយផ្ទាល់ ហើយអ្នកវិនិយោគបញ្ឈប់ប្រមូលលុយពីបងប្អូនអាជីវករតែម្តងទៅ។

សូមបញ្ជាក់ថា ក្រោយទទួលបទបញ្ជាខាងលើ អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារសាមគ្គីទីរួមខេត្តកំពតបានចាត់ចែងក្រុមជាងនិងយកគ្រឿងចក្រជីកកាយស្តារលូរហូតបង្ហូរទឹកចេញពីបរិវេណផ្សារអស់នៅរសៀលថ្ងៃដដែលនោះ៕/PC