ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជម្រុញការងារនេះ អោយទទួលបានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ។
រថយន្តក្រុង ទាំង៣៥០គ្រឿង ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងបានបែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ លោកបានជម្រុញអោយមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះ ត្រូវបំពេញការងារនេះអោយបានល្អ ជាមួយនឹងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ ។ត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ជាមួយនិងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ៕/R