ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម លើវិញ្ញាសារត់ប្រណាំង ៨០០ ម៉ែត្រនោះ បានត្រឡប់មកពីចូលរួមប្រកួតកីឡា អត្តពលកម្មជើងឯកអាស៊ី នៅប្រទេសថៃ វិញហើយ ជាមួយនឹងការបង្កើតកំណត់ត្រាថ្មី ដែលល្អជាងស៊ីហ្គេម។

កំណត់ត្រាថ្មីរបស់ ឈុន ប៊ុនថន ធ្វើសម្រេច ក្នុងថិរៈវេលា១នាទី៥០វិនាទី០៩ នៅក្នុងការប្រកួតកីឡាអត្តពលកម្ម ជើងឯកអាស៊ី នៅប្រទេសថៃ ឆ្នាំ២០២៣ ដោយឈរនៅលេខ៥ ក្នុងវគ្គ និងចំណាត់ថ្នាក់លេខ១១ នៃលទ្ធផលសរុប ២៤ ប្រទេសចូលរួម លើវិញ្ញាសារត់ប្រណាំង ៨០០ ម៉ែត្រ ខណៈស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឈុន ប៊ុនថន ដែលដណ្តើមបានមេដាយមាស លើវិញ្ញាសា ៨០០ ម៉ែត្រនេះ ធ្វើសម្រេចក្នុងថិរៈវេលា១នាទី៥២វិនាទី៩១។

ប៊ុនថន បានគូសបញ្ជាក់ថាៈ សម្រាប់ការប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី នៅប្រទេសថៃ ឆ្នាំ២០២៣ គឺអស្ចារ្យសម្រាប់រូបគេ ដោយសារអត្តពលិក ចូលរួមសុទ្ធតែ ខ្លាំងៗ ប្រចាំទ្វីបអាស៊ីតែម្តង ដូចជា ជប៉ុន ឥណ្ឌា ចិន ជាដើម។ គេបានប្រឹងប្រែង ក្នុងការប្រកួតអស់ពីសមត្ថភាព ដែលធ្វើឱ្យរូបគេរបួសជើង ដោយសារចង់ឈ្នះការប្រកួត និងចង់ឡើងទៅប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ។ តែរូបគេសប្បាយចិត្តមែនទែន ដោយបានបំបែក កំណត់ត្រាស៊ីហ្គេមរបស់គេ ដែលកាលនោះគេបានមេដាយមាស។

កីឡាករកីឡាកររូបនេះ បានបន្ថែមថាៈ ទោះបីជាខ្លួនមិនដណ្តើមបានមេដាយ ក្នុងជើងឯក អាស៊ី ប៉ុន្តែនេះជាលទ្ធផលល្អថ្មីមួយរបស់ខ្លួន ដោយអាចដណ្តើមបានមេដាយមាស ជូនជាតិ ជាលើកទី២ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ។

កីឡាករវ័យ ៣០ ឆ្នាំ រូបនេះ បានគូសបញ្ជាក់ថា៖ «ទោះបីជាចាញ់មែន ប៉ុន្តែនេះជា បទពិសោធន៍ថ្មីមួយ ក្នុងឆន្ទៈដើម្បីពង្រឹងសមត្ថភាព ឱ្យកាន់តែរឹងមាំ ក្លាហាននិងប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀត ជាពិសេសការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ២០២៣ និងគោលដៅឆ្ពោះទៅចូលរួម ប្រកួតកីឡាអូឡាំពិកហ្គេម ឆ្នាំ២០២៥ នៅប្រទេសបារាំង ដែលកីឡាអូឡាំពិកហ្គេម គឺជាព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុត របស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង។ ខ្ញុំនឹងបន្ត ចូលរួមហ្វឹកហាត់ នៅប្រទេសចិន រយៈពេលយូរខែទៀត ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចធ្វើបាន លទ្ធផលល្អជាងនេះទៀត»។

ចំពោះការហ្វឹកហាត់នេះ ម្ចាស់មេដាយមាស កម្ពុជារូបនេះ បានបន្ថែមថា៖ កាលពីហ្វឹក ហាត់នៅប្រទេសចិន ប៊ុនថន បានហ្វឹកហាត់ ២ ម៉ោងកន្លះ ដោយសារនៅទីនោះ ហ្វឹកហាត់ លើកំពូលភ្នំ សម្ពាធខ្យល់ទាប ហើយពេលហ្វឹកហាត់នៅកម្ពុជា ហាត់នៅទីទំនាបធម្មតា ប៊ុនថន បានបន្ថែម ១ ម៉ោង លើការហ្វឹកហាត់ ដោយក្នុង១ថ្ងៃៗ ហាត់ ៣ ម៉ោងកន្លះ។

ជារួម កីឡាករ ឈុន ប៊ុនថា បានលើកឡើងថាៈ ក្រោយឈ្នះមេដាយមាស ក្នុងពេល ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រូបគេ សម្រាកតែ២ថ្ងៃប៉ុណ្ណោះ ដោយត្រូវបន្តការហ្វឹក​ហាត់រហូត បើទោះបីជាទៅលេងស្រុកកំណើត ក៏នៅតែឆ្នៀតបន្តការហ្វឹកហាត់ ជាប់ជាប្រចាំ។

ជាមួយគ្នានេះដែរ ជាផែនការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡា អត្តពលកម្ម និងក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រៀមបញ្ជូនកីឡាករ ឈុន ប៊ុនថន ចេញទៅហ្វឹកហាត់ នៅប្រទេសចិន បន្តទៀត នៅក្នុងចំណោម ១២ ប្រភេទកីឡា ដែលមានអត្តពលិក ១៦១ នាក់ ក្រោមជំនួយឥតសំណងរបស់មិត្តចិន (គម្រោងត្រៀម ស៊ីហ្គេម ២០២៣) ដែលនៅសល់ពេលប្រមាណ ៣ខែខាងមុខ។

បន្ទាប់ពីការហ្វឹកហាត់ ត្រៀមនៅប្រទេសចិន នឹងត្រូវបានជ្រើសរើសប្រភេទកីឡា និងអត្តពលិកឆ្នើមៗ ក្នុងចំណោម ១២ ប្រភេទកីឡា បន្តចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន តែម្តង៕/V/R