​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) បាន​មក​ដល់​ទីក្រុង​ដូ​ហា (Doha) ប្រទេស​កាតា​កាលពី​ថ្ងៃ​អង្គារ ជា​ជើង​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់​ពី​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត កន្លែង​ដែល​គាត់​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្តល់​ដ្រូ​ន​ដល់​ព្រះរាជាណាចក្រ​នេះ​។​

​លោក​អឺ​ដូ​ហ្គាន ដែល​ឈ្នះឆ្នោត​អាណត្តិ​ប្រាំ​ឆ្នាំ​មួយ​ផ្សេងទៀត​ក្នុង​ការបោះឆ្នោត​ខែ​ឧសភា កំពុង​ស្វែងរក​ការគាំទ្រ​សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​របស់​ប្រទេស​តួ​ក​គី​។​

​មេដឹកនាំ​តួ​ក​គី​បាន​មក​ដល់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ជាមួយនឹង​ភរិយា​របស់​គាត់ លោកស្រី អេ​មីន អឺ​ដូ​ហ្គាន (Emine Erdogan) នៅក្នុង​រដ្ឋធានី​នៃ​សម្ពន្ធមិត្ត​សំខាន់​របស់​ខ្លួន​គឺ​កាតា មុន​ពេល​កិច្ចប្រជុំ​ជាមួយ​ព្រះអង្គម្ចាស់ ថា​មី​ម ប៊ីន ហា​ម៉ា​ដ អាល់ ថា​នី (Tamim bin Hamad Al-Thani) នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាតា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អា​រ៉ាប៊ីសាអូឌីត ( SPA) បាន​និយាយថា ការឈប់​សំ​ចត់​នៅ​អា​រ៉ាប៊ីសាអូឌីត​មុននេះ​បាន​ឃើញ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាច្រើន រួម​ទាំង​កិច្ចព្រមព្រៀង​ដ្រូ​ន​ជាមួយ​ក្រុមហ៊ុន​ឯកជន Baykar ក្នុងអំឡុង​កិច្ចប្រជុំ​រវាង​លោក​អឺ​ដូ​ហ្គាន​និង​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត ម៉ូ​ហា​ម៉េដ ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman) នៅ​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្រហម ជេដដា (Jeddah) កាលពី​ថ្ងៃ​ចន្ទ​។​

​លោក ហា​លុក បាយ​រា​ក់តា (Haluk Bayraktar) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​ដែល​គ្រប់គ្រង​ដោយ​កូនប្រសារ​ម្នាក់​របស់​លោក​អឺ​ដូ​ហ្គាន បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា “​កិច្ចសន្យា​នាំចេញ​ផ្នែក​ការពារជាតិ​និង​អាកាសចរណ៍​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាធារណរដ្ឋ​តួ​ក​គី​”​។​

​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ​។​

SPA បាន​រាយការណ៍​ថា បន្ទាប់ពី​បាន​ចូលរួម​វេទិកា​ធុរកិច្ច​អា​រ៉ាប៊ីសាអូឌីត​និង​តួក​គី​នៅ​ទីក្រុង​ជេដដា​កាលពី​ថ្ងៃ​ចន្ទ លោក​អឺ​ដូ​ហ្គាន​និង​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េដ​បាន​ពិភាក្សា​អំពី “​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​” នៅក្នុង​កិច្ចប្រជុំ​របស់​ពួកគាត់​។​

SPA និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ការវិនិយោគ​ផ្ទាល់ ការ​ការពារជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

SPA បាន​បន្ថែម​ថា​មន្ត្រី​អា​រ៉ាប៊ីសាអូឌីត​ក៏បានចុះហត្ថលេខា​លើ “​កិច្ចសន្យា​ពីរ​ជាមួយ​ក្រុមហ៊ុន​តួ​ក​គី Baykar ផងដែរ​”​។​

​ដ្រូ​ន​ផលិត​ដោយ​ក្រុមហ៊ុន Baykar ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​អា​ហ្សែ​បៃ​ហ្សង់ លី​ប៊ី និង​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អា​រ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ខា​លី​ដ ប៊ីន សាល់​ម៉ាន់ (Khalid bin Salman) បាន​បន្ទូល​កាលពី​ថ្ងៃ​អង្គារ​ថា អា​រ៉ាប៊ីសាអូឌីត​នឹង​ទិញដ្រូន​ក្នុង​គោលបំណង​បង្កើន​ការត្រៀមខ្លួន​របស់​កង​កម្លាំងប្រដាប់អាវុធរ​បស់​ព្រះរាជាណាចក្រ​នេះ​និង​ពង្រឹង​សមត្ថភាព​ការពារជាតិ និង​ផលិតកម្ម​របស់ខ្លួន​៕

លោក​អឺ​ដូ​ហ្គាន (​ឆ្វេង​) និង​ព្រះអង្គម្ចាស់​ប៊ីន​សាល់ម៉ាន់​របស់​អារ៉ាប៊ី​សា​អូឌីត