ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​ស្តីពី​បញ្ញា​សិប្បនិម្មិត (AI) កាលពី​ថ្ងៃ​អង្គារ ដែល​ក្នុងនោះ​ចិន​បាន​និយាយថា បច្ចេកវិជ្ជា​នេះ​មិនគួរ​ក្លាយជា “​សេះ​ដាច់​ព​ង្ហៀ​រ​” ហើយ​សហរដ្ឋ​អាម៉េរិក​បាន​ព្រមាន​អំពី​ការប្រើប្រាស់ AI ដើម្បី​ត្រួតពិនិត្យ ឬ​គាបសង្កត់​មនុស្ស​។​

​រដ្ឋមន្ត្រីការបរទេស​របស់​ចក្រភព​អង់គ្លេស លោក ជែម​ស៍ ក្លេ​វើលី (James Cleverly) ជា​ប្រធាន​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ប្តូរ​វេន​ប្រចាំ​ខែ​កក្កដា​របស់​ចក្រភព​អង់គ្លេស បាន​និយាយថា AI នឹង “​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់​ទិដ្ឋភាព​ជា​មូលដ្ឋាន​”​។​

​ក្រោយ​និយាយថា AI អាច​ជួយ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និង​ជំរុញ​សេដ្ឋកិច្ច លោក​បាន​បន្ថែមថា “​យើង​ត្រូវតែ​រៀបចំ​អភិបាលកិច្ច​សកល​នៃ​បច្ចេកវិជ្ជា​ថ្មី​នេះ​ជា​បន្ទាន់ ពីព្រោះ AI មិន​ស្គាល់​ព្រំដែន​ទេ​”​។​

​ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ដែរ​ថា បច្ចេកវិជ្ជា​នេះ​បញ្ឆេះ​ឱ្យមាន​ព័ត៌មាន​មិន​ពិត និង​អាច​ជួយ​ទាំង​តួអង្គ​រដ្ឋ​និង​មិនមែន​រដ្ឋ​ក្នុង​ការស្វែងរក​អាវុធ​។​

​ក្រុមប្រឹក្សា ដែល​មាន​សមាជិក ១៥ ប្រទេស​នេះ ត្រូវ​បាន​ជូនដំណឹង​សង្ខេប​ដោយ​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស លោក ជែក ក្លា​ក (Jack Clark) សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន AI ដ៏​ល្បីឈ្មោះ Anthropic និង​សាស្ត្រាចារ្យ ចឹង អ៊ី (Zeng Yi) សហ​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចិន​-​ចក្រភព​អង់គ្លេស​សម្រាប់​ក្រមសីលធម៌ និង​អភិបាលកិច្ច AI ។​

​លោក​គូថេ​រ៉េស​បាន​និយាយថា “​ការប្រើប្រាស់​AI​ទាំង​ក្នុង​វិស័យ​យោធា​និង​មិនមែន​យោធា អាច​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​”​។​

​លោក​គូថេ​រ៉េស​គាំទ្រ​ការអំពាវនា​វ​ដោយ​បណ្តា​រដ្ឋ​មួយ​ចំនួន​ឱ្យ​បង្កើត​ស្ថាប័ន​អង្គការសហប្រជាជាតិ​ថ្មី​មួយ “​ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​គ្រប់គ្រង​បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​នេះ​” ដោយ​យក​គំរូ​តាម​ទីភ្នាក់ងារ​ថាមពល​អា​តូមិ​ក​អន្តរជាតិ អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ឬ​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ​.​ស​.​បលោក ចាង ជុន (Zhang Jun) បាន​ពណ៌នា AI ជា “​កាំបិត​មុខ​ពីរ​” ហើយ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​តួនាទី​សម្របសម្រួល​ស្នូល​របស់​អង្គការសហប្រជាជាតិ​លើ​ការបង្កើត​គោលការណ៍​ណែនាំ​សម្រាប់ AI ។​

​លោក​ចាង​បាន​និយាយថា “​ថា​តើ​វា​ល្អ​ឬ​អាក្រក់ ព្រះ​ឬ​បិសាច វា​អាស្រ័យ​ទៅ​លើ​របៀប​ដែល​មនុស្ស​ប្រើប្រាស់​វា គ្រប់គ្រង​វា និង​របៀប​ដែល​យើង​ថ្លឹងថ្លែង​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​ជាមួយនឹង​សុវត្ថិភាព​” ដោយ​បន្ថែម​ថា វា​គួរតែ​មាន​ការផ្តោត​ទៅលើ​មនុស្ស និង AI ជា​រៀងរហូត​ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ និង​ដើម្បី “​ទប់ស្កាត់​បច្ចេកវិជ្ជា​នេះ​កុំ​ឱ្យ​ក្លាយជា​សេះ​ដា​ច់ព​ង្ហៀ​រ​”​។​

​ឯកអគ្គរដ្ឋទូត​រង​សហរដ្ឋ​អាម៉េរិក​ប្រចាំ​អ​.​ស​.​ប លោក ជេ​ហ្វ​ហ្វើ​រី ដេឡូ​រ៉ង់​ទីស (Jeffrey DeLaurentis) ក៏​បាន​និយាយ​ដែរ​ថា​ត្រូវមាន​តម្រូវការ​សម្រាប់​ប្រទេស​នានា​ធ្វើការ​រួម​គ្នា​លើ AI និង​បច្ចេកវិជ្ជា​កំពុង​រីកចម្រើន​ថ្មីៗ​ផ្សេងទៀត ដើម្បី​ដោះស្រាយ​ហានិភ័យ​សិទ្ធិមនុស្ស ដែល​គំរាម​បំផ្លាញ​សន្តិភាព​និង​សន្តិសុខ​។​

​លោក​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា “​គ្មាន​រដ្ឋ​ជា​សមាជិក​ណា​មួយ​គួរប្រើ AI ដើម្បី​ត្រួតពិនិត្យ រឹតបន្តឹង គាបសង្កត់ ឬ​ដកហូត​សិទ្ធិ​អំណាច​ពី​មនុស្ស​នោះឡើយ​”​។​

​រុស្ស៊ី​បាន​ចោទសួរ​ថា​តើ​ក្រុមប្រឹក្សាសន្តិសុខ ដែល​ទទួលខុសត្រូវ​លើ​ការរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ គួរតែ​ពិភាក្សា​អំពី AI ដែរ​ឬ​យ៉ាងណា​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyanskiy) បាន​និយាយថា “​អ្វី​ដែល​ចាំបាច់​គឺ​ការពិភាក្សា​ផ្អែក​លើ​វិជ្ជាជីវៈ វិទ្យាសាស្ត្រ និង​ជំនាញ ដែល​អាច​ចំណាយពេល​ច្រើន​ឆ្នាំ ហើយ​ការពិភាក្សា​នេះ​កំពុង​ដំណើរការ​រួចហើយ​នៅ​ក្នុង​វេទិកា​ឯកទេស​នានា​”៕

​ក្រុម​អ្នកការទូត​ប្រមូលផ្តុំ​គ្នា​សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ខ្លាំង​ឡើង​របស់ AI