ដោយៈ សុផល / ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើន របស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅឆ្នាំ នេះ ដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។
អតិផរណា ត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិត មុនជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ នេះបើយោងតាមទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (ADO) ខែកក្កដា ឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះ។ អតិផរណា ក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ ត្រូវបានព្យាករថា នឹងមាន ៣,៦% នៅឆ្នាំនេះ ធៀបនឹងការព្យាករ ៤,២% កាលពីខែមេសា ។ ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណា សម្រាប់ឆ្នាំ២០២៤ គឺកើនឡើងដល់ ៣,៤% ពីការប៉ាន់ស្មាន ៣,៣% កាលពីលើកមុន។
ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើន ក្នុងតំបន់។ សេដ្ឋកិច្ចរបស់ PRC ត្រូវបានព្យាករថា នឹងកើនឡើង ៥,0% នៅឆ្នាំនេះ ដូច ការព្យាករ កាលពីខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំង នៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿងអេឡិចត្រូនិក និង ផលិតផលផ្សេងទៀត របស់តំបន់អាស៊ី កំពុងអភិវឌ្ឍ ធ្លាក់ចុះដោយសារការរឹតបន្តឹង រូបិយវត្ថុ ដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ច ក្នុងប្រទេសធំៗ ដែលមានសេដ្ឋកិច្ច ជឿនលឿន។ ការព្យាករកំណើនក្នុងតំបន់ សម្រាប់ឆ្នាំក្រោយ ត្រូវបានកែសម្រួលតិចតួច មកត្រឹម ៤,៧% ពីការប៉ាន់ប្រមាណ ៤,៨% កាលពីខែមេសា។
លោក Albert Park ប្រធានសេដ្ឋវិទូ របស់ ADB បានមានប្រសាសន៍ថា៖ «អាស៊ី និងប៉ាស៊ីហ្វិក បន្តងើបឡើងវិញ ពីជំងឺរាតត្បាត ក្នុងល្បឿនមួយ ដែលថេរសកម្មភាព។ តម្រូវការ និងសកម្មភាពសេវាកម្ម ក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើន ក៏កំពុងទទួលបានអត្ថប្រយោជន៍ ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំ នៃវិស័យទេស ចរណ៍។ ទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យ សម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយ កាន់តែមាន ស្ថានភាពមិនល្អ។»
ADB រក្សាការព្យាករកំណើនរបស់ខ្លួន សម្រាប់អនុតំបន់ ភាគច្រើន នៅអាស៊ី និងប៉ាស៊ីហ្វិក។ ករណីលើកលែង រួមមាន តំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះ មកត្រឹម ៤,៦% នៅឆ្នាំនេះ និង ៤,៩% នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មាន ៤,៧% (សម្រាប់ឆ្នាំនេះ) និង ៥,0% (សម្រាប់ឆ្នាំក្រោយ) កាលពីខែមេសា។ ការព្យាករ សម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាល ត្រូវបានកែសម្រួល ចុះតិចតួច មកត្រឹម ៤,៣% ពី ៤,៤% សម្រាប់ ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ ២០២៤ ៕ V / N