ដេាយ: បូកគោ / កំពត: ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ដើម្បីបម្រើតម្រូវការចាំបាច់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ នេះជាការ បញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តកំពត ក្នុងពិធីប្រគល់ប័ណ្ណសម្គាល់អចលនទ្រព្យ ជាង ១.២០០ សន្លឹក ជូនពលរដ្ឋស្រុកបន្ទាយមាស កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានមានប្រសាសន៍ថាៈ កម្ពុជាឆ្លងកាត់ របបដឹកនាំច្រើនជំនាន់មកហើយ ដែលប្រជាពលរដ្ឋម្ចាស់ដី ស្ទើរគ្រប់កន្លែង​ពុំទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ត្រឹមត្រូវ។ប៉ុន្តែ សម័យសម្តេចតេជោ ហ៊ុន សែន គឺកំណែទម្រង់ដីធ្លី ត្រូវបានធ្វើឡើង ដោយបង្កើតយុទ្ធនាការវាស់វែង ដើម្បីចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាៈ ប័ណ្ណកម្មសិទ្ធិ ពិតជាមានសារសំខាន់ សម្រាប់បងប្អូនជាម្ចាស់ដី ដូចជា ធានាបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំចំពោះមុខច្បាប់​ព្រមទាំងជាសក្តានុពលសេដ្ឋកិច្ច គ្រប់ជំនាន់ ពេលពលរដ្ឋ ជួបបញ្ហាខ្វះខាតណាមួយ។ ប័ណ្ណសម្គាល់អចលនទ្រព្យ អាចដាក់តម្កល់ ជាមួយធនាគារ ដើម្បីយកថវិកាមកពង្រីកមុខរបរជាដើម។

លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស បានបញ្ជាក់ថាៈ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស សរុប ១.២៣៤ ក្បាលដី។ ក្នុងនោះ ដីលំនៅស្ថានចំនួន ៦៩២ ក្បាលដី ផ្ទៃដីកសិកម្ម ៥០៥ ក្បាលដី ទីទួលបញ្ចុះសព ១២ ក្បាលដី សាលាឆទាន ចំនួន ២ ក្បាលដី សាលារៀន ១ក្បាលដី ត្រពាំង ១ក្បាលដី។ ជាមួយនេះ ក៏មានដីការិយាល័យ ប្រៃសណីយ៍ ១ក្បាលដី និងដីរក្សាទុកព្រោះគ្មានទិន្នន័យចំនួន ២០ ក្បាលដីផងដែរ៕ V / N