ដោយៈ ចាន់តូ / ភ្នំពេញៈ យុវជនម្នាក់ បានបាត់បង់ជីវិត និងយុវជនម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូចេញពីក្លិប យ៉ាងលឿន មិនប្រយ័ត្ន ត្រូវបានរថយន្តកុងតឺន័រ បុកអូសជា ច្រើនម៉ែត្រ កាលពីវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សាង ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិពោធិ៏ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JO.1627 ចេញពីក្លិបស្ប៉ាយឌឺ យ៉ាងលឿន ស្រាប់តែមិនប្រយ័ត្ន ក៏ត្រូវបានរថយន្តកុងតឺន័រ ម៉ាក COLUBIA ពណ៌ក្រហម ក្រម៉ៅ ស៊េរីឆ្នាំ២០០៦ ជាប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ កំពង់ចាម 3A.3572 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីខាងកើតមកខាងលិច យ៉ាងលឿន បានមកបុក ពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀត រងរបូតធ្ងន់។ ភ្លាមៗ អ្នកបើករថយន្ត កុងតឺន័រ ត្រូវបានឃាត់ខ្លួន។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឱ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V/R