ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកការទូត​កំពូល​របស់​ចិន​លោក វ៉ាង យី បាន​ប្រាប់​អតីតរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក ហេន​រី ឃី​ស​ស៊ីន​ជើ (Henry Kissinger) នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ខណៈ​ទំនាក់ទំនង​ទ្វេភាគី​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ដូច្នេះ​ថា សហរដ្ឋ​អាម៉េរិក​ត្រូវការ “​គតិបណ្ឌិត​ការទូត​តាមបែប ឃី​ស​ស៊ីន​ជើ (Kissinger)” នៅក្នុង​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​ចិន​។​

​ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា ខ្លួន​បាន​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហេន​រី ឃី​ស​ស៊ីន​ជើ អាយុ ១០០ ឆ្នាំ​ទៅ​កាន់​ប្រទេស​ចិន តែ​គាត់​មិនបាន​ធ្វើ​សកម្មភាព​ក្នុងនាម​រដ្ឋាភិបាល​អាម៉េរិក​ទេ​។​

​លោក​ឃី​ស​ស៊ីន​ជើ​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​និង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី រី​ឆាត និក​សុន (Richard Nixon) និង ជើ​រ៉ាល់ ហ្វ​ត (Gerald Ford)​។​

​លោក​បាន​ដើរតួនាទី​ការទូត​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​មាន​ប្រក្រតីភាព​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ននិង​ប៉េកាំង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​ជា​ទៀងទាត់​ចាប់តាំងពី​ចាកចេញ​ពី​តំណែង​។​

​ដោយ​សំដៅលើ​លោក​ឃី​ស​ស៊ីន​ជើ​ជា “​មិត្ត​ចាស់​” លោក​វ៉ាង​បាន​សរសើរ​អតីត​អ្នកការទូត​អាម៉េរិក​រូបនេះ ដែល​បាន​ដើរតួ​ជា “​តួនាទី​ដែល​មិន​អាច​ជំនួស​បាន​” ក្នុង​ការបង្កើន​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។​

​ក្រសួងការបរទេស​ចិន​បាន​ស្រង់​សម្តី​លោក​វ៉ាង​ដោយនិយាយ​ក្នុងអំឡុង​កិច្ចប្រជុំ​ថា “​គោលនយោបាយ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ចំពោះ​ប្រទេស​ចិន​តម្រូវឱ្យ​មាន​គតិបណ្ឌិត​ការទូត​បែប​ឃី​ស​ស៊ីន​ជើ​និង​ភាពក្លាហាន​ខាង​នយោបាយ​បែប​និក​សុន​”​។​

​បញ្ហា​ជាច្រើន​បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក​មាន​ភាព​តានតឹង រួម​ទាំង​ភាពជា​ដៃគូ​របស់​ចិន​ជាមួយ​រុស្ស៊ី ការទាមទារ​ទឹកដី​របស់​ចិន​លើ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ និង​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ឱ្យ​មាន​ការទប់ស្កាត់​ពាណិជ្ជ​កម្ម​លើ​បច្ចេកវិជ្ជា​ទំនើប​៕

​លោក​ឃី​ស​ស៊ីន​ជើ​ជួប​លោក​វ៉ាង យី​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ