ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយសន្តិសុខបន្ថែមចំនួន១,៣ពាន់លានដុល្លារដល់អ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមទល់នឹងរុស្ស៊ី ។ជំនួយមួយកញ្ចប់ធំនេះរួមមាន សមត្ថភាពការពារអាកាស ដ្រូននិងគ្រាប់រំសេវ។
ក្រសួងការពារជាតិអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប្រកាសនេះតំណាងអោយការចាប់ផ្តើមនៃដំណើរការម៉ៅការផលិតនិងផ្គត់ផ្គង់មួយសំរាប់ផ្តល់សមត្ថភាពអាទិភាពបន្ថែមដល់អ៊ុយក្រែន»។
អាម៉េរិកកំពុងប្រើមូលនិធិក្នុងកម្មវិធីជំនួយសន្តិសុខអ៊ុយក្រែនUSAIរបស់ខ្លួនដែលអនុញ្ញាតអោយរដ្ឋាភិបាលលោកចូ បៃដិន ទិញសព្វាវុធមកពីក្រុមហ៊ុនឧស្សាហកម្មអាវុធជាជាងយកចេញពីឃ្លាំងអាវុធអាម៉េរិកដោយផ្ទាល់។
ជំនួយនេះរួមមានប្រព័ន្ធកាំជ្រួចបាញ់ពីដីទៅអាកាសNASAMSនិងគ្រាប់របស់វា គ្រាប់កាំភ្លើងធំ១៥២មីលីម៉ែត្រ ឧបករណ៍បោសសម្អាតមីននិងដ្រូន នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិអាម៉េរិក។
ក្រសួងបានប្រកាសជំនួយនេះនៅមួយថ្ងៃក្រោយមានជំនួបមួយរវាងក្រុមទំនាក់ទំនងយោធាអ៊ុយក្រែននិងសម្ពន្ធមិត្តដែលជួយអ៊ុយក្រែន នៅពេលកងកម្លាំងអ៊ុយក្រែនបន្តជំរុញការវាយបកលើទាហានរុស្ស៊ីដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែន។
សូមបញ្ជាក់ថា ក្រសួងការពារជាតិអាម៉េរិកបានផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនសរុបជាង១០,៨ពាន់លានដុល្លារនៅក្រោមកម្មវិធីUSAIនៅក្នុងឆ្នាំសារពើពន្ធ២០២៣ ហើយក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២២ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានយកប្រាក់៦,៣ពាន់លានពីមូលនិធិUSAIសំរាប់ទិញគ្រឿងសព្វាវុធអោយអ៊ុយក្រែន។
សរុបទៅ អាម៉េរិកបានបញ្ជូនគ្រឿងសព្វាវុធនិងផ្តល់ជំនួយយោធាជាង៤០ពាន់លានដុល្លារទៅអោយអ៊ុយក្រែនចាប់តាំងពីពេលរុស្ស៊ីបញ្ជូនទ័ពចូលអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២៕
ជំនួយថ្មីនេះរួមមានដ្រូនPhoenix Ghost ផលិតដោយក្រុមហ៊ុនAVEVEXនៅកាលីហ្វ័រញ៉ា និងដ្រូនSwitchbladeផលិតដោយក្រុមហ៊ុនAeroVironment