ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សកម្មជនអតីតគណបក្សប្រឆាំង ចំនួន ២៧៩ រូប បានស័្មគ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់ បានយល់ និងមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ជាតិ ឱ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ពិធីប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ថ្មីទាំង ២៧៩ រូបនេះ បានធ្វើ ឡើង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិកា​រកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិ កា​រគណបក្ស​រាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

តំណាងសមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ទាំង​ ២៧៩ រូប បានលើកឡើងថា៖ ការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោ បាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់ បានមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការ​អភិវឌ្ឍន៍ រីកចំរើនដូចបច្ចុប្បន្ន។

លោក ឃួង ស្រេង បានបញ្ជាក់ថាៈ សន្តិភាព បានមកពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយ ដូច្នេះយុវជនយើងទាំងអស់ ត្រូវការពារ សន្តិភាព ដែលរកបានដោយកម្រនេះ ឱ្យបានគង់វង់។

លោកបានបន្តថាៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នក ស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិ ។ ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នា រួមគ្នា ការពារសន្តិភាព ឱ្យបាន តាមរយៈនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាង អភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសគឺ ការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕ V / N