ដោយៈសុផល / ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៤។ ផ្លូវនេះ ចាប់ផ្ដើមត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ១០ និងបញ្ចប់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបើកការដ្ឋានសាងសង់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹង របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានរយៈពេលសាងសង់ ៣២ ខែ និងទំហំទឹកប្រាក់ ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិក  សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture

គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជាដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុង ប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយ នៃផ្លូវអាស៊ាន ហាយវ៉េ ១២៣(ASEAN Highway 123) និងជារបៀងមាត់ សមុទ្រខាងត្បូង របស់មហាអនុតំបន់មេគង្គ GMS (R10) ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍ នៅក្នុងខេត្ត កោះកុង ក៏ដូចជាតំបន់ទេសចរណ៍ គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយ ប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែក ក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញ នៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕/V-PC