ដោយៈ ដេប៉ូ/ត្បូងឃ្មុំ៖ ការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ប្រៀបបានទៅហ្នឹង ការបោះឆ្នោតជូនខ្លួនឯង ព្រោះថាគណបក្សប្រជាជនកម្ពុជា បានកើតឡើងដោយសារ ប្រជាជន រស់នៅជាមួយប្រជាជន មិនដែលរត់ចោលប្រជាជន និងធ្វើគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រជាជន និងជាតិមាតុភូមិ។

នេះជាការលើកឡើង របស់លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំព្រះធាតុ នៅក្នុងការអញ្ជើញចូលរួមជាមួយ លោក ឡេង ជីវិន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំង សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន នៃនាយកដ្ឋានព័ត៌មានភូមិសាស្រ្តក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ សមាជិក សមាជិក យុវជន នៃគណបក្សមូលដ្ឋានឃុំព្រះធាតុ ដើម្បីជួបសំណេះសំណាល ផ្សព្វផ្សាយគោល នយោបាយ គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវជូន ប្រជាពលរដ្ឋ ចំនួនជាង ២០០ នាក់នៅភូមិគីឡូ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក ខ្វៃ អាទិត្យា បានថ្លែងបញ្ជាក់ថាៈ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ យើងត្រូវទៅ ចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលរៀបចំឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកបានបន្ថែមថាៈ ការបោះឆ្នោតជូន គណបក្សជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតា បាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីធានាបាន នូវសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ប្រទេសជាតិ សម្បូររុងរឿង ឆ្ពោះទៅជាប្រទេស ដែលមានសេដ្ឋកិច្ច ជឿនលឿន នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បានបង្ហាញពីសេចក្តីពេញចិត្ត និងគាំទ្រ គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា រួមទាំងបញ្ជាក់ពីការចូលរួមបោះឆ្នោត គ្រប់ៗគ្នា ព្រោះជាជម្រើសដ៏ល្អ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្ត ការអភិវឌ្ឍន៍ កសាងសមិទ្ធផលនានាថ្មីៗ បន្ថែមទៀត៕/PC