ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើក ការដ្ឋានសាងសង់ អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលមានតម្លៃសាងសង់ សរុបចំនួនប្រមាណជិត ៣០ លានដុល្លារ ជាថវិការបស់ជាតិ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ប្រាប់បណ្តាញអ្នកសារព័ត៌មាន ក្រោយចប់ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលទិន្នន័យជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ សម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍន៍ ស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជា ឆ្ពោះទៅបរិវត្តកម្ម ឌីជីថល។
លោករដ្ឋមន្រ្តី បានលើកឡើងបន្តថាៈ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូល ផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុន មកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាទំនើបមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាព ទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាព នៃការផ្ដល់សេវារបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថាៈ នៅក្នុងរយៈពេល ១៥ ឆ្នាំនេះ ស្របតាម គោលនយោបាយ រដ្ឋាភិបាលឌីជីថល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល គឺប្រទេសកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាច្រើន ដែលទិន្នន័យឌីជីថល នឹងកើនឡើងជាគំហុក។
លោកបានគូសបញ្ជាក់ថាៈ មជ្ឍមណ្ឌលទិន្នន័យជាតិនេះ គឺជាមជ្ឍមណ្ឌលមួយ ដែលជា ប្រភេទល្អបំផុត នៅក្នុងតំបន់អាស៊ី ដែលស្របតាមស្ដង់ដារអន្ដជាតិ និយាយជារួម លេខមួយ ក្នុងចំណោមអាស៊ី។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ ជាន់ នៅពីក្រោយអគារទីស្តីការក្រសួងប្រៃសណីយ៍ បច្ចុប្បន្ន។ មជ្ឍមណ្ឌលនេះ នឹងដើរតួនាទី សម្រាប់បង្កើននូវសន្ដិសុខ ទិន្នន័យរបស់ជាតិ និងរបស់ស្ថាប័នរដ្ឋនីមួយៗ ហើយមជ្ឍមណ្ឌលទិន្នន័យជាតិនេះដែរ នឹងធ្វើឲ្យកម្ពុជា មានអធិបតេយ្យភាពទិន្នន័យ ដែលធ្វើឲ្យកម្ពុជា មិនយកទៅដាក់ នៅប្រទេសគេ ផ្សេងៗ៕ V / N
ចំណងជើងរូបភាព៖ អគារមជ្ឈមណ្ឌលទិន្នន័យជាតិ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥
រូបភាព៖ពៅនិមល +ក្រសួង