ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមប្រតិបត្តិសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ បានសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារក្រីក្រ ដែលសម្រាលកូនភ្លោះ ចំនួនបីនាក់ បូកបន្ថែមលើកូនមុនៗ ក្នុងបន្ទុក ៦ នាក់ ។
ឈ្មោះ ធីវ ធុច អាយុ ៣៧ ឆ្នាំ ជាគ្រួសារមួយ រស់នៅក្នុងភាពក្រីក្រ មានកូនច្រើន សរុបចំនួន ៦ នាក់ និងមានមុខរបរ ជាកម្មករ។
លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ដោយពិនិត្យឃើញថា គ្រួសារមួយនេះ មានលក្ខណៈសម្បត្តិ ស្របតាម លក្ខណៈដែលសាខាបានកំណត់ គឺជាគ្រួសារក្រីក្រពិតប្រាកដ និងកូនច្រើនថែមទៀត រស់នៅក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេព្រះ ដោយផ្ទះមួយខ្នងនេះ មានទំហំ ៤គុណ៦ ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបផ្ទាល់ដី ជំនួយឧបត្ថម្ភពីសាខា កាកបាទក្រហម អស់ថវិកាសរុបចំនួន ២.០៧២ ដុល្លាសហរដ្ឋអាមេរិក ព្រមទាំងបាន កំពុងសាងសង់បន្ទប់ទឹកបន្ថែមទៀតផង ។ ពិធីប្រគល់ផ្ទះនេះ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។
លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ” រាល់សម្ភារៈអំណោយដែលជាផ្ទះសម្បែង ដោយសាខាកាក បាទក្រហម ប្រគល់ជូននាពេលនេះ គឺបានមកពីការចូលរួម លើវិស័យមនុស្សធម៌ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី សប្បុរសជនជិត ឆ្ងាយព្រមទាំងព្រះសង្ឃផងដែរទើបសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពជួយដល់ បងប្អូនទីទ័លក្រ គ្មានទីពឹង ជនរងគ្រោះដោយគ្រោះធម្មជាតិជាដើម ហើយការផ្ដល់នូវ អំណោយមនុស្សធម៌នេះ គឺមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីនោះឡើយ” ។
ក្រៅពីការ ប្រគល់ផ្ទះ សាខាកាកបាទក្រហម ក៏បានផ្ដល់ជូននូវអំណោយបន្ថែមទៀត ដូចជាអង្ករ ៥០គីឡូក្រាម មី១កេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ធុងមួយ កន្ទេលមួយ មុងមួយ សារុងមួយ ក្រមាមួយ ចានស្លាបព្រា និងថវិកាបន្ថែមទៀត។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏បានឧបត្ថមជាអង្ករ សម្រាប់រយៈពេល៣ ខែបន្ទាប់ទៀត ដល់គ្រួសារនេះ ។
សូមរំលឹកថា កូនភ្លោះ៣នាក់ (ស្រី១នាក់ ប្រុស២នាក់) បានកើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅឯមន្ទីរពេទ្យគុន្ធបុប្ផា ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ គ្រួសារនេះ មានឪពុកឈ្មោះ ប៉ិន សាវឿន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ជីវ ធុធ អាយុ៣៥ឆ្នាំ ជាកសិករ ។ ឯទារកទាំង ៣នាក់ ត្រូវបានដាក់ឈ្មោះគឺ ១-ឈ្មោះធុច សិរី ភេទស្រី មានទម្ងន់ ២,២ គ.ក្រ, ២-ឈ្មោះ ធុច មង្គល ភេទប្រុស មានទម្ងន់ ២ គ.ក្រ, ៣-ឈ្មោះ ធុច សួស្តី ភេទប្រុស មានទម្ងន់ ២ គ.ក្រ ។ ពួកគេជាកសិករ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ៕/V/R