​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖​ថៃ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​១៥​លាន​នាក់​នៅ​ប្រាំពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៣ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​របស់​រដ្ឋាភិបាលលោក​ស្រី​រ៉ា​ឆា​ដា ឌី​អេច​ណាឌី​រ៉េក​(Rachada Dhnadirek)​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ស្រី​រ៉ា​ឆា​ដា បាន​និយាយថា វិសម្សកាល​រដូវក្តៅ​នៅ​បណ្តា​ប្រទេសនៅ​អឌ្ឍគោល​ខាងជើង​បាន​ចូលរួម​ដល់​កំណើន​ចំនួន​ទេសចរ​បរទេស​មក​កាន់​ប្រ​ទេស​ថៃ​។​ក្នុង​អំឡុង​ពេល​នេះ អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ជំរុញ​យុទ្ធនាការ​ទេសចរណ៍​ថ្មី​របស់​ខ្លួន​ហៅ​ថា “Amazing Thailand Health and Wellness: New Chapters New Experience” ដែល​មាន​បំណង​ជំរុញ​ទេសចរណ៍​សុខុមាលភាព​និង​សុខភាព​​ជាមួយនឹង​កម្លាំង​ទិញ​ខ្ពស់​។​

​សំរាប់​ទេសចរណ៍​ក្នុងស្រុក អាជ្ញាធរ​ទេសចរណ៍​ថៃ​(TAT)​មាន​ផែនការ​ជំរុញ​ការបង្កើត​ភាព​ទាក់ទាញ​តាម​មូលដ្ឋាន​នៅ​គ្រប់​តំបន់​ដើម្បី​បែងចែក​ចំណូល​ចេញពី​ទេសចរណ៍​ទៅដល់​ប្រ​ជា​ជន​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ថៃ​។​លោក​ស្រី​រ៉ា​ឆា​ដា បាន​និយាយថា TAT​រំពឹងថា ថៃ​នឹង​ទទួល​ចំណូល​បាន​បី​ទ្រី​លាន​បាត​ពី​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​នេះ ក្នុងនេះ​១,៩២​ទ្រី​លាន​បាត​បានមកពី​ទេសចរ​អន្តរជាតិ​និង​១,០៨​បានមក​ពី​ទេសចរ​ក្នុងស្រុក​។​

​ក្រៅពី​ល្បី​ខាង​ទេសចរណ៍​នៅក្រោយសម័យកូ​វីដ​១៩ ថៃ​ក៏​ជា​កន្លែង​ពេញនិយម​មួយ​សំរាប់​ការថត​ខ្សែភាពយន្ត​នៅ​ឆ្នាំនេះ​។​នាយកដ្ឋាន​នៃ​ការិយាល័យ​ខ្សែភាពយន្ត​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ២៤៦​ផលិតកម្ម​មកពី​៣២​ប្រទេស​កំពុង​ប្រើប្រាស់​ថៃ​ជា ទីតាំង​ថត​ខ្សែភាពយន្ត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​។​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន មាន​ខ្សែភាពយន្ត​បរទេសត្រឹម​តែ​១៤៣រឿង​បាន​ថត​នៅ​ថៃ​។​

​យោង​តាម​នាយកដ្ឋាន អាម៉េរិក​ចំណាយ​ថត​ភាពយន្ត​ច្រើន​ជាង​គេ​នៅ​ថៃ គឺ​៥១៩​លាន​បាត​លើ​១៤​គំរោង បន្ទាប់​មក​ចិន​៣៤៩​លាន​បាតលើ​១៧​គំរោង ហុងកុង​៣២៨​លាន​បាត​លើ​១១​គំរោង អង់គ្លេស​២៦១​លាន​បាត​លើ​១៩​គំរោង​និង​អាល្លឺម៉ង់​២០១​លាន​បាត​លើ​១១​គំរោង​៕

​អ្នកដំណើរ​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភុមិ​ក្នុងក្រុង​បាងកក​