ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ ស្ត្រីជនជាតិឥណ្ឌូនេស៊ីពីរនាក់បានសុំទោសបន្ទាប់ពី “ពិធីមង្គលការ” ដ៏ហ៊ឹកហ៊ាក់សម្រាប់សត្វឆ្កែរបស់ពួកគេបានបង្កឱ្យមានការរិះគន់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមមួយនេះ ជាទីដែលការបែងចែកទ្រព្យសម្បត្តិគឺមិនស្មើគ្នាបំផុតមួយនៅក្នុងពិភពលោក។
ឆ្កែពូជ Alaskan Malamutes ពីរក្បាលបានរៀបការកាលពីថ្ងៃសុក្រទី១៤កក្កដានៅឯផ្សារទំនើបមួយក្នុងរដ្ឋធានីហ្សាការតាដោយស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជនជាតិជ្វាជាមួយម្ចាស់និងសាច់ញាតិរបស់ពួកគេនៅក្នុងពិធីក្លែងក្លាយមួយ ដែលមានតម្លៃ ២០០ លានរូពី (១៣.៣៥០ ដុល្លារ) ។
ភាពចលាចលនៅលើបណ្តាញសង្គមបានកើតឡើងបន្ទាប់ពីរូបភាពបានបង្ហាញសត្វឆ្កែរាងដូចចចកកំពុងចាប់ដៃគ្នាក្នុងពិធីអាពាហ៍ពិពាហ៍ដ៏ហ៊ឺហា ជាហេតុបង្ខំឱ្យម្ចាស់ធ្វើសន្និសីទសារព័ត៌មានបកស្រាយហេតុផល។
លោកស្រី អ៊ីឌីរ៉ា រ៉ាត់ណាសារី (Indira Ratnasari) ម្ចាស់ឆ្កែញីឈ្មោះ លូណា (Luna) បាននិយាយកាលពីថ្ងៃពុធថា “យើងមានការសោកស្តាយយ៉ាងខ្លាំង ហើយយើងសូមអភ័យទោសចំពោះអ្នកចូលចិត្តវប្បធម៌ជ្វានិងប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ដែលមានអារម្មណ៍មិនស្រួល និងឈឺចាប់ដោយសារព្រឹត្តិការណ៍នេះ”។
លោកស្រីបាននិយាយថា “យើងគ្មានចេតនាប្រមាថវប្បធម៌ឥណ្ឌូណេស៊ីនិងជ្វាទេ”។
ការសម្ញែងទ្រព្យសម្បត្តិនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោកនេះគឺគ្មាននរណាចូលចិត្តទេ និង តែងរងរិះគន់ជាញឹកញាប់ដោយសារតែគម្លាតប្រាក់ចំណូលកាន់តែធំឡើង។
ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅហ្សាការតាគឺ ៤,៩ លានរូពី (៣២៧ ដុល្លារ) ហើយធនាគារពិភពលោកកាលពីឆ្នាំមុនបាននិយាយថា ជិតមួយភាគដប់នៃប្រជាជនឥណ្ឌូនេស៊ី ២៧០ លាននាក់នៅតែរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកស្រីរ៉ាត់ណាសារីធ្វើការស៊ីប្រាក់ខែរបស់ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់មន្ត្រីសាធារណៈនៅក្នុងសុន្ទរកថាកាលពីខែមីនាថា កុំនិយាយបង្អួតជីវិតឡូយឆាយហួសហេតុរបស់ពួកគេតាមរបៀប “មិនសមរម្យ” រួមទាំងការបង្ហោះតាមបណ្តាញសង្គមផងដែរ។
លោកស្រី វ៉ាឡង់ទីន កាហាន់ដ្រា (Valentine Cahandra) ម្ចាស់ឆ្កែឈ្មោល ឈ្មោះ ចូចូ (Jojo) បានអះអាងថា ពិធីមង្គលការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយវប្បធម៌ជ្វា។ប៉ុន្តែប្រជាជនឥណ្ឌូណេស៊ី ដែលខឹងសម្បារ បានចូលបណ្តាញសង្គមដើម្បីថ្កោលទោសពិធីមង្គលការសត្វឆ្កែដ៏ថ្លៃនេះ។
អ្នកប្រើ Twitter ម្នាក់បានបង្ហោះថា “វាខ្ជះខ្ជាយលុយ ហើយផ្គើននឹងព្រះ។ សុភវិនិច្ឆ័យបានរលាយអស់ហើយដោយសារតែការចង់បង្អួតសម្ញែង”។
ម្នាក់ទៀតសរសេរថា “បើជ្រុលជាខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ខ្លួន ពួកគេគួរតែជួយមនុស្សខ្វះខាតជំនួសវិញ។ នេះឬជាអ្វីដែលយើងហៅថា ពិការភ្នែកសង្គម?”៕
រូបថតមង្គលការឆ្កែនៅឥណ្ឌូនេស៊ី