ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ គណបក្សប្រជាជាជនកម្ពុជា ១ បានជួបជុំគ្នា និងដង្ហែក្បួនទ្រង់ទ្រាយធំ ក្នុងការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដែលពីម្សិលមិញ និងប៉ុន្មានថ្ងៃមុននេះ មានគណបក្ស២ បានដង្ហែក្បួន បិទយុទ្ធនាការឃោសនា រួចហើយ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ពិធីរួមរបស់ខេត្ត ក្នុងក្រុងសិរីសោភ័ណ បានធ្វើនៅលើ ផ្លូវជាតិលេខ៥ មុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ជាប់រង្វង់មូលរូប អវតារ លោកេស្វរ:ព្រហស្ថ៣២ នាភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលមាន លោក អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានដឹកនាំ ចូលរួម ។ នៅតាមស្រុកក្រុង ក៏មានធ្វើពិធីធំបិទយុទ្ធនាការ ដែរ ដោយមានប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចូលរួម ។
នៅស្រុកមង្គលបូរី មានលោក គោស៊ុំ សារឿត អនុប្រធានក្រុមការងារគណបក្សថ្នាក់ កណ្តាល និងជាបេក្ខជនតំណាងរាស្ត្រ ដឹកនាំ។ នៅស្រុកព្រះនេត្រព្រះ លោក ខេង ស៊ុម អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដឹកនាំ ។ នៅស្រុកភ្នំស្រុក លោកបាន ប៊ិន សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត ដឹកនាំ ជាដើម ។
លោកបានថ្លែងសារនយោបាយរបស់គណបក្ស ក្នុងការឃោសនាចុងក្រោយនោះ ដោយអំពាវនាវឱ្យសមាជិក សមាជិកាគណបក្ស និងពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ទៅបោះឆ្នោត ឱ្យបានគ្រប់គ្នា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាន ស្អែកនេះ ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ។
លោក ប្លែក វារី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈប្រចាំការ បានប្រាប់កាសែតរស្មីកម្ពុជា ថ្ងៃទី២១ ខែកក្កដាថា: ក្នុងពិធីបិទយុទ្ធនា ការឃោសនានេះ គណបក្ស បានធ្វើពិធីនៅក្នុងក្រុងសិរីសោភ័ណ នៅទីតាំងខាងលើដោយមានសមាជិកចូលរួម ដូចជា ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី មានចំនួនជាង ១ ម៉ឺននាក់ ក្នុង១ក្រុង ស្រុក និងស្រុកដែលមកចូលរួមចំនួនពី ៣.០០០ ទៅ ៤.០០០ នាក់ ក្នុងស្រុកនីមួយៗ នៃស្រុកទាំង ៦ ទៀត មានស្រុកអូរជ្រៅ ព្រះនេត្រព្រះ ស្វាយចេក និងចំនួនដូចគ្នានេះ ៣ ស្រុក ដែលធ្វើនៅនឹងស្រុកម៉ាឡៃ ថ្មពួក និងភ្នំស្រុក ។
លោក យ៉ង ស័ក្តិ ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី២១ ខែកក្កដាថាៈ នៅថ្ងៃចុងក្រោយនៃការបិទ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ នៅខេត្តបន្ទាយមានជ័យ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើ ។
លោកបានបន្តថាៈ ស្ថានភាពបរិយាកាសទូទៅ នៅថ្ងៃបិទនេះ មិនមានព័ត៌មានពីបញ្ហា ឬបាតុភាពអ្វីឡើយ ។
លោកស្រី ជិប សាវត្ថី សមាជិកគណ:កម្មាធិការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ ទទួលសេវាកម្មច្បាប់ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី២១ ខែកក្កដាថាៈ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា មានតែគណបក្សប្រជាជន កម្ពុជាមួយទេ ដែលប្រារព្ធពិធី ។ ប៉ុន្តែកាលពីម្សិលមិញ (ថ្ងៃទី២០ ខែកក្កដា ) មានគណបក្សខ្មែររួបរួមជាតិ បានធ្វើពិធីជួបជុំ និងដង្ហែបិទ ដោយមានអ្នកដឹកនាំ និងសមាជិកចូលរួមជាង ១.៤០០ នាក់ ។ ចំណែកគណបក្សហ្វ៊ិនស៊ិនប៉ិច បានធ្វើកាលពីថ្ងៃទី១៧ ខែកក្កដា ដែលមានការចូលរួមជិត ១.០០០ នាក់ ៕ V / N