​ប្រែ​សម្រួលៈ​បំណង​(VnExpress)៖​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ និង​សម​ភាគី​ម៉ាឡេស៊ី លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម កាលពី​ថ្ងៃ​សុក្រ​បាន​ទៅ​ទស្សន​វិថី​ហាង​សៀវភៅ​ក្នុង​ទីក្រុង​ហាណូយ​និង​រីករាយ​នឹង​ការ​ទទួលទាន​កាហ្វេ​ពេលព្រឹក​នៅ​ទីនោះ​។​

​លោ​កជិញ​និង​ភរិយា បាន​អញ្ជើញ​លោក អាន់​វ៉ា និង​ភរិយា​ទៅ​ទស្សនា​វិថី​សៀវភៅ​នេះ​ក្នុងអំឡុងពេល​មេដឹកនាំ​ម៉ាឡេស៊ី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម​រយៈពេល​ពីរ​ថ្ងៃ​។​លោក​អាន់​វ៉ា​បាន​មក​ទស្សនា​វៀតណាម​ជា​លើកដំបូង​កាលពីថ្ងៃព្រហស្បតិ៍ចាប់តាំងពី​លោក​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២២​។​

​ក្រៅពី​ទទួលទាន​កាហ្វេ​រួមគ្នា លោ​កជិញ​បានបង្ហាញ​ប្រភេទ​កាហ្វេ​ដាំ​នៅ​តំបន់​ខ្ពង់រាប ក្នុង​ខេត្ត​ឡាំ ដុង​ដល់​លោក​វ៉ាន់​វ៉ា​និង​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​វប្បធម៌​អាន​សៀវភៅ​របស់​វៀតណាម​។​

​លោ​កជិញ​បាន​ជូន​សៀវភៅ​បី​ក្បាល​ដ​ល់​លោក​អាន់​វ៉ា រួមមាន​សៀវភៅ​ពីរក្បាលនិយាយអំពី​លោក​ប្រធានាធិបតី​ហូជីមិញ និង​មួយក្បាលនិយាយអំពីការអភិវឌ្ឍន៍​សង្គម​និយម​នៅ​វៀតណាម​។​

​សូមបញ្ជាក់​ថា ក្នុងជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​វៀតណាម​និង​ម៉ាឡេស៊ី បាន​ព្រមព្រៀង​បង្កើនទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​១៥​ពាន់​លាន​អោយដល់​១៨​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៥ ក្នុងចំណោម​កិច្ចសហការ​លើ​វិស័យ​ផ្សេងៗ​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏​សម្តែង​ការពេញចិត្ត​ចំពោះ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី ជា​ពិសេស​ចាប់តាំងពី​ពេល​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៥​។​ពួក​លោក​ក៏​បាន​រំលេច​អំពី​ទំ​នាក់​ទំនង​នយោបាយ ការទូត ពាណិជ្ជកម្ម​និង​ការវិនិយោគ ព្រម​ទាំង​ការ​រើប​រើ​ឡើង​វិញ​ចំពោះ​វិស័យ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​វិធានការ​គ្រប់គ្រង​កូវី​ដ​១៩ ដូចជា​ការងារ ទេសចរណ៍​ ការបណ្តុះបណ្តាល​និង​ការសិក្សាអប់រំ​។​

​នាយករដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់​អះអាង​ឡើងវិញ​ថា​វៀតណាម​ត្រៀមខ្លួន​ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​អង្ករ​ដ៏​មាន​ស្ថិរភាព​មួយ​ដល់​ម៉ាឡេស៊ី និង​បាន​សុំ​ម៉ាឡេស៊ី​អោយជួយ​វៀតណាម​អភិវឌ្ឍ​ឧស្សាហកម្ម​អាហារហា​ឡាល់​ ហើយគ្រោងនឹង​ចុះហត្ថលេខា​លើ​កិច្ចការ​នេះ​ក្នុងពេល​ឆាប់ៗ​។​

​ភាគី​ទាំងពី​ក៏​បាន​យល់ព្រម​បង្កើន​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​ការពារជាតិ​និង​សន្តិសុខ ហើយ​ជំរុញ​ការចុះហត្ថលេខា​លើ​ឯកសារ​ពាក់ព័ន្ធ ពិភាក្សា​លើ​ការជំរុញ​កិច្ចសហការ​ក្នុង​ឧស្សាហកម្ម​យោ​ធា​និង​ការបណ្តុះបណ្តាល បង្កើត​យន្តការ​សហកា​រ​មួយ​រវាង​កងទ័ពជើងទឹក អាកាស និង​កង​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ ហើយធ្វើការ​រួម​គ្នា​ប្រឆាំង​ភេរវកម្ម​និង​បទឧក្រិដ្ឋ​ឆ្លងដែន​…៕