ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.២០៩.១៧៧ សន្លឹក ត្រូវបានចែកជូន ប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើយោង តាមតារាងបូកសរុបលទ្ធផល នៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតបណ្ណ ព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល ១ខែ គឺចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មាន ដែលនៅសល់ ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
គ.ជ.ប បានបញ្ជាក់ថាៈ គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖ – ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹង អំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួន ក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលា នៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត – ជួយដល់អ្នកបោះឆ្នោត អាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវទៅបោះឆ្នោត – ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួល ដល់កិច្ចប្រតិបត្តិការបោះឆ្នោត ឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោត រង់ចាំយូរ។
សូមបញ្ជាក់ជូនថា អ្នកបោះឆ្នោត អាចយកបណ្ណព័ត៌មាននេះ មកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោត មិនបានយកបណ្ណនេះមកជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់ អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពល ភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ដូចនេះ សូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្ដល់កិច្ចសហការ ដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ៕/V/R