ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល បានចេញសេចក្តីជូន ដំណឹង ស្តីពីការឈប់សម្រាក នូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ ថ្ងៃ ក្នុងអំឡុងពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ទន្ទឹមនឹងនេះ គ.វ.ក-១៩ ក៏បានបញ្ជាក់ថាៈ ” ការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនប្រជាជន នឹងត្រូវដំណើរការជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣” ។
នៅក្នុងសេចក្ដីជូនដំណឹងនេះ គ.វ.ក-១៩ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេស ឱ្យបានជ្រាបថា៖ ការផ្ដល់ការចាក់ វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលវេលា ឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ក្នុងការត្រៀមខ្លួន និងទៅចូលរួមបោះឆ្នោត ឱ្យបានច្រើនកុះករ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នឹងត្រូវដំណើរការជាប្រក្រតី ឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមការងារ នឹងរៀបចំឱ្យ បានរួចរាល់ ដើម្បីធានាបានថា ប្រជាជន អាចមកចាក់វ៉ាក់សាំងវិញ បាននៅថ្ងៃទី២៥ ខែកក្កដា នេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ជ្រាបជាព័ត៌មាន៕/V