ប្រែម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ទាំងគណបក្សភូមចៃថៃ(Bhumjaithai )និងផាឡាង ប្រាចារ៉ាត(PPRP)ដែលជាបក្សធំបំផុតពីរក្នុងរដ្ឋាភិបាលបច្ចុប្បន្ន បញ្ជាក់ថាពួកគេនឹងមិនចូលរួមរដ្ឋាភិបាលចំរុះណាមួយដឹកនាំដោយបក្សភឿថៃទេ បើសិនជាមានគណបក្សចលនាទៅមុខ(MFP)ចូលរួម។
ការបញ្ជាក់គោលជំហររបស់គេកើតឡើងចំពេលគណបក្សធំបំផុតទីពីរ(ភឿថៃ)កំពុងស្វះស្វែងរកការគាំទ្រនិងចូលរួមជាមួយក្រុមចំរុះប្រាំបីគណបក្សដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ក្រោយពីMFPបរាជ័យក្នុងការរកសម្លេងគាំទ្របន្ថែមមកពីបណ្តាបក្សក្រៅក្រុមចំរុះនិងពីព្រឹទ្ធសភាដើម្បីអនុម័តបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។
MFPកាលពីថ្ងៃសុក្របានប្រកាសថាខ្លួននឹងដកខ្លួនដោយទុកអោយដៃគូភឿថៃដឹកនាំក្រុមចំរុះកៀរគរសម្លេងបង្កើតរដ្ឋាភិបាលបន្ទាប់ ហើយកាលពីថ្ងៃសៅរ៍ប្រធានបក្សភឿថៃលោក ឆុលណាន ស្រ៊ីកែវ(Cholnan Srikaew)បានជួបពិភាក្សាជាមួយគណបក្សបី រួមមានBhumjaithai ឆាតផាតាណាក្លា(Chartpattanakla )និងUnited Thai Nation (UTN)។
លោកឆុនណាន បាននិយាយថា លក្ខខណ្ឌផាត់ចោលបក្សMFP អាចនាំដល់ភាពទាល់ច្រកនៅក្នុងកិច្ចខិតខំរបស់បក្សភឿថៃក្នុងការស្វែងរកការគាំទ្រ បើសិនជាMFPនិងដកខ្លួនចេញដោយស្ម័គ្រចិត្តទេពីក្រុមចំរុះប្រាំបីគណបក្ស និងប្រែក្លាយខ្លួនទៅជាបក្សប្រឆាំងទេនោះ។
ទោះជាយ៉ាងណាលោកបាននិយាយថា នេះមិនមែនជាវិធីប្រាប់ទៅMFPដោយប្រយោលដើម្បីអោយដកខ្លួននិងធ្វើជាបក្សប្រឆាំងទេ។លោកបានបន្តថា កិច្ចប្រជុំបន្ទាប់របស់សម្ពន្ធភាពប្រាំបីគណបក្សនឹងធ្វើឡើងនៅថ្ងៃចន្ទទី២៤កក្កដា ហើយឥឡូវភឿថៃកំពុងបង្កើនល្បឿនចរចាជាមួយដៃគូនិងសមាជិកព្រឹទ្ធសភា។
ជាការឆ្លើយតបនឹងការអញ្ជើញរបស់ភឿថៃ ប្រធានបក្សBhumjaithai លោក អានុធីន ឆានវីរ៉ាគុល បាននិយាយថា« វាមិនអាចទៅរួចទេដែលបក្សBhumjaithaiចូលរួមក្នុងក្រុមចំរុះថ្មីមួយ ខណៈនៅតែមានMFPចូលរួមដោយសារMFPមានវិធីធ្វើការខុសគ្នាឆ្ងាយពីវិធីរបស់Bhumjaithai»។
អានុធីន ឆានវីរ៉ាគុល
យោងតាមប្រភពភឿថៃមួយ ឥឡូវគណបក្សនេះមានបំណងប្រមូលអោយបានសមាជិកសភាប្រមាណ៣០០ ដោយមិនគិតសមាជិកសភាMFP សំរាប់បោះឆ្នោតលោក ស្រេតថា ថាវីស៊ីន(Srettha Thavisin)ជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ភឿថៃរូបនេះនឹងត្រូវបញ្ជូនបេក្ខភាពលោកស្រេតថាអោយសភាទាំងពីរថ្នាក់បោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
លោក ស្រេតថា ថាវីស៊ីន
ប្រភពព័ត៌មានបាននិយាយថា នឹងមានការគាំទ្រពីគណបក្សPPRP ឆាតថៃផាតាណានិងបក្សតូចៗដទៃទៀត ហើយឧត្តមសេនីយ៍ ប្រាវីត វ៉ុងស៊ូវ៉ុន ដែលជាប្រធានបក្សPPRPនឹងមិនទទួលយកតំណែងគណៈរដ្ឋមន្ត្រីណាមួយទេ តែនឹងអនុញ្ញាតអោយសមាជិកសភាក្នុងបក្សរបស់លោកបោះឆ្នោតគាំទ្របេក្ខជនរបស់ភឿថៃ។PPRPនឹងយល់ព្រមធ្វើការជាមួយភឿថៃ ក្នុងករណីMFPលែងជាផ្នែកនៃក្រុមចំរុះសំរាប់បង្កើតរដ្ឋាភិបាលថ្មីគឺថា «លោកប្រាវីត សុខចិត្តមិនកាន់តំណែងណាមួយក្នុងគណៈរដ្ឋមន្ត្រី បើសិនជា PPRPនិងភឿថៃរួមគ្នាបង្កើតរដ្ឋាភិបាលថ្មី»។
ប្រភពបានបន្ថែមថា គណបក្សUTNក៏មានបំណងចូលរួមក្នុងក្រុមចំរុះថ្មីដែរ ក្រោយពីនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានប្រកាសលាឈប់ពីសមាជិករបស់គណបក្សនេះ។
ពួកអ្នកវិភាគយល់ឃើញថា ការដែលភឿថៃមកចាប់ដៃជាមួយបណ្តាបក្សក្នុងរដ្ឋាភិបាលបច្ចុប្បន្ននិងទុកអោយMFPក្លាយទៅជាបក្សប្រឆាំងមានលទ្ធភាពខ្ពស់ជាងនិងក៏ជាច្រកចេញតែមួយដែរ ដោយសារតែភឿថៃក៏ត្រូវការក្រុមកាន់អំណាចចាស់ដើម្បីការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាតដោយរលូន៕
ប្រធានបក្សភឿថៃបើកកិច្ចពិភាក្សារកដៃគូចំរុះជាមួយគណបក្ស UTN បក្សChartpattanakla និងBhumjaithai នៅទីស្នាក់ការភឿថៃកាលពីថ្ងៃសៅរ៍