តើ​ចិន​នឹង​បោះបង់​សញ្ញា​ប័ណ្ណ​អាមេរិក និង លុយ​ដុល្លារ ដើម្បី​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ត្រាំ​?

5370
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​សញ្ញា​ថា គាត់​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​វាយ​ពន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ៥០៥ ពាន់​លាន​ដុល្លារ ហើយ​ទំនង​ដូចជា​ត្រាំ​ប្រាកដជា​អនុវត្តតាម​អ្វីដែល​គាត់​បាន​និយាយ​។ ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក លោក ថម ម៉ាក​ហ្គ្រេ​ហ្គ័​រ អ្នកវិភាគ​នយោបាយ និង​ជា​អ្នកធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ CCTV នៅ​ទីក្រុង​ប៉េកាំង បាន​បកស្រាយ​ពី​វិធានការ​នានា ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹងធ្វើ​ដើម្បី​ទប់ទល់​នឹង​ការវាយលុក​របស់លោក​ត្រាំ​។​

​ការប្តេជ្ញាចិត្ត​របស់លោក​ត្រាំ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​កំពុង​កើតឡើង​នេះ បាន​ជំរុញឱ្យមាន​ការប៉ាន់ប្រមាណ​អំពី​វិធានការ​ទប់ទល់​តប​វិញ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ហេតុ​ដូច្នេះហើយ វេ​ប​សាយ Business Insider បាន​សន្និដ្ឋានថា ចិន​អាច​នឹង​បោះបង់ចោល​សញ្ញាប័ណ្ណ (​មូល​ប​ត្រ​បំណុល​) របស់​រតនាគារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្កើន​ពន្ធ​របស់​ត្រាំ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​លើកឡើងថា តាមរយៈ​ការលក់​សញ្ញាប័ណ្ណ ចិន​អាចធ្វើ​ឱ្យមាន​បញ្ហា​ធំ​ដល់​សេដ្ឋកិច្ច​អាមេរិក​និង​ប្រាក់​ដុល្លារ​។​

​ក្រុម​អ្នកសង្កេតការណ៍​ដទៃទៀត​ជឿថា ប៉េកាំង​អាច​នឹងធ្វើ​ហួស​នេះ​ទៀត ដោយ​ទម្លាក់​ថ្លៃ​រូបិយវត្ថុ​របស់ខ្លួន​។ លោក ជី​ម រីក​កាត អ្នក​អត្ថាធិប្បាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​អ្នកនិពន្ធ​សៀវភៅ “​សង្គ្រាម​រូបិយប័ណ្ណ​” បាន​អះអាងថា “​ប្រសិនបើ​ត្រាំ​វាយ​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​របស់​ចិន នោះ​ចិន​អាច​នឹង​ទម្លាក់​ថ្លៃ​រូបិយវត្ថុ​របស់ខ្លួន ២៥ ភាគរយ​ដែរ ហើយនឹង​ធ្វើឱ្យ​ទីផ្សារ​ហ៊ុន​អាមេរិក​ដួលរលំ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​បាន​ទាក់ទង​ជាមួយ​លោក ថម ម៉ាក​ហ្គ្រេ​ហ្គ័​រ ជា​អ្នកវិភាគ​នយោបាយ​នៅ​ប៉េកាំង ជា​អ្នក​អត្ថាធិប្បាយ​អំពី​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​សម្រាប់​ទូរទស្សន៍​ជាតិចិន CCTV ដោយ​សុំឱ្យ​លោក​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។​

* ការបោះបង់ចោល​សញ្ញាប័ណ្ណ​រតនាគារ​អាមេរិក​

​លោក​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បាន​ឆ្លើយតប​ថា “​តើ​ប៉េកាំង​ចង់​ធ្វើឱ្យ​ដួលរលំ​សេដ្ឋកិច្ច​ចិន​ដើម្បី​តែ​ចង់​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំងនឹង​វ៉ាស៊ីនតោន​? ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ​។ ស្រមៃ​មើល​បើសិនជា​ចិន​ដកយក​សាច់ប្រាក់​ពី​សញ្ញាប័ណ្ណ​រតនាគារ​អា​មេ​រិ​ក​មកវិញ​។ អាមេរិក​អាច​នឹងមិន​សងបំណុល​ទាំងស្រុង​របស់ខ្លួន​ឱ្យទៅ​ប៉េកាំង​ទេ ហើយ​នោះ​មានន័យថា ប្រា​ក់ជាង ១ លាន​លាន​ដុល្លារ​នឹង​បាត់​ទៅវិញ​។ ចិន​នឹង​លែងមាន​សិទ្ធិ​លើ​លុយ​ទាំងអស់នោះ​ជាក់​ជាមិនខាន​”​។​

​លោក​បាន​និយាយថា ម្យ៉ាងវិញទៀត “​លោក​ត្រាំ​អាច​នឹង​សុំ​ចេញ​ដីកា​ការពារ​ពី​តុលាការ​ដើម្បី​រារាំង​ចិន​ពី​ការលក់​ចេញ​ប័ណ្ណ​រតនាគារ​អាមេរិក​ទាំ​ង​អស់​របស់ខ្លួន ហើយ​នីតិវិធី​ច្បាប់​អាច​នឹង​ចំណាយពេល​រាប់​ឆ្នាំ មុន​នឹងមាន​ដំណោះស្រាយ​”​។ លោក​បាន​បន្ថែមថា “​ទន្ទឹមនឹងនេះ អាច​នឹងមាន​ចលាចល​ហិរញ្ញវត្ថុ​សកលលោក ហើយ​លុយ​នឹង​លែងមាន​លំហូរ​រវាង​ប្រទេស​ទាំងអស់ ខណៈ​កំពុង​រង់ចាំ​ចៅក្រម​ដោះស្រាយ​រឿងក្តី​នេះ​ឱ្យ​រួច​សិន​”​។​

​លោក​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បាន​និយាយថា “​ដូច្នេះ យុទ្ធសាស្ត្រ​សម្រាប់​ចិន​ដើម្បី​លក់​ចេញ​នូវ​មូល​ប​ត្រ​បំណុល​អាមេរិក​របស់ខ្លួន​ទាំងអស់ នឹង​នាំឱ្យមាន​ផលប៉ះពាល់​ច្រើនជាង​ផល​ល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​ចិន​”​។​

* ការទម្លាក់​ថ្លៃ​លុយ​យ័ន​

​អ្នកវិភាគ​នយោបាយ​រូបនេះ​បាន​អះអាងថា ក៏​ដូចគ្នា​ដែរ ប្រទេស​ចិន​ទំនងជា​មិន​ទម្លាក់​ថ្លៃ​រូបិយវត្ថុ​របស់ខ្លួន​ដើម្បី​វាយប្រហារ​លើ​សហរដ្ឋអាមេរិក​នោះទេ​។​

​លោក​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បាន​ចង្អុល​បញ្ជាក់ថា “​ជាការ​ពិត សេដ្ឋកិច្ច​អាមេរិក​កាន់តែ​រឹងមាំ ហើយ​ហេតុដូច្នេះ​ដើមទុន​បរទេស​បាន​ហូរ​ចូលទៅ​ទីផ្សារ​អាមេរិក ។ សេដ្ឋកិច្ច​របស់​ចិន​កំពុង​ចាប់ផ្តើម​ចុះខ្សោយ​ហើយ​ហេតុដូច្នេះ មនុស្ស​កំពុង​ដក​រូបិយ​ប័ណ្ណ​ផ្សេងៗ​ជាច្រើន​ចេញពី​ប្រទេស​ចិន ហើយ​ប្រាក់​ភាគច្រើន​ទាំងនោះ​នឹង​ហូរ​ទៅ​អាមេរិក​។ ដូច្នេះ ការវាយតម្លៃ​បង្ហាញថា ប្រាក់​ដុល្លារ​កំពុង​ខ្លាំង​ជាង​បើ​ធៀប​នឹង​ប្រាក់​យ័ន​របស់​ចិន​”​។​

​លោក​បាន​ពន្យល់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន “​ទោរទន់​ទៅរក​ការដាក់កំហិត​យ៉ាង​តឹងរ៉ឹង​លើ​រូបិយវត្ថុ​របស់ខ្លួន ដូច​ជាការ​រឹតបន្តឹង​លំហូរ​ចេញ​នៃ​ប្រាក់​យ័ន​ទៅ​ប្រទេស​ដទៃ​ជាដើម​”​។ អ្នក​អត្ថាធិប្បាយ​រូបនេះ​បាន​កត់សម្គាល់ថា នៅពេលដែល​ប៉េកាំង “​ចង់ឱ្យ​រូបិយវត្ថុ​របស់ខ្លួន​ចុះខ្សោយ ពួកគេ​បន្ធូរបន្ថយ​ការ​រឹតត្បិត​បែបនេះ ដូច្នេះ​វា​នឹងមាន​ភាពងាយស្រួល​ក្នុងការ​យកលុយ​ចិន​ចេញ​ក្រៅប្រទេស​”​។​

​លោក​បាន​បកស្រាយ​ថា “​ម្យ៉ាងវិញទៀត តាមរយៈ​ការធ្វើឱ្យ​រូបិយវត្ថុ​របស់ខ្លួន​ចុះខ្សោយ គឺ​បានន័យថា ក្នុងប្រទេស​ចិន​មាន​សាច់ប្រាក់​តិច ព្រោះ​លំហូរ​សាច់ប្រាក់​បានចេញ​ពី​ព្រំដែន​របស់ខ្លួន [​ដែល​មានន័យថា​] ជាថ្មី​ម្តងទៀត បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ដើម្បី​ប្រយុទ្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ទល់នឹង​សហរដ្ឋអាមេរិក​”​។ លោក​បានលើកឡើង​ទៀតថា “​ប្រសិនបើ​ប្រាក់​យ័ន​បាត់បង់​តម្លៃ ២៥ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ នោះ​នឹង​នាំឱ្យមាន​ផលប៉ះពាល់​ដ៏​ហិនហោច​មកលើ​សេដ្ឋកិច្ច​ចិន​”​។​

​លោក​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចិន​មិន​ល្ងីល្ងើ​ទេ ហើយ​នឹងមិន​បាញ់សម្លាប់​ខ្លួនឯង​នោះឡើយ​។ លោក​បន្តថា “​ប្រសិនបើ​ប៉េកាំង​ឆ្លើយតប​ជាមួយ​វិធានការ​ធ្ងន់ធ្ងរ នោះ​ពិភពលោក​ទាំងមូល​រួមទាំង​ចិន​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដ៏​ធ្ងន់ធ្ងរ​។ តើ​ចិន​ចង់បាន​ដូច្នេះ​ទេ​? ចម្លើយ​គឺ​មិន​ចង់បាន​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Sputniknews.com

ទីតាំងផ្សាយពាណិជ្ជកម្ម