ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងទ័ព​បាន​និយាយថា មនុស្ស​ប្រាំបួន​នាក់ រួម​ទាំង​ទាហាន​បួន​នាក់ ត្រូវបាន​សម្លាប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នៅពេល​ដែល​យន្តហោះ​ស៊ីវិល​មួយ​បាន​ធ្លាក់​នៅក្នុង​ប្រទេស​ស៊ូដង់​ដោយសារតែ​ហេតុផល “​បច្ចេកទេស​” ខណៈ​ដែល​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត​នេះ​បាន​ឈាន​ចូលដល់​ថ្ងៃទី ១០០ របស់ខ្លួន​។​

​ការប្រយុទ្ធ​គ្នា​បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ជាប់​នៅក្នុង​ផ្ទះ​របស់​ពួកគេ​និង​ខ្លះ​ទៀត​គ្មាន​ទឹក​ប្រើប្រាស់ ជាពិសេស​នៅ​តំបន់​ជាយ​រដ្ឋធានី​កា​ទុំ ជា​ទី​ដែល​អ្នកស្រុក​កំពុង​អំពាវនាវ​រក​អំណោយ​ស្បៀងអាហារ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​រស់រានមានជីវិត​។​

​នៅក្នុង​សង្កាត់​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​នៃ​ទីក្រុង​កា​ទុំ លោក អាប់​បាស ម៉ូ​ហា​ម៉េដ បា​ប៊ីកឺ (Abbas Mohammed Babiker) បាន​និយាយថា គាត់​និង​ក្រុមគ្រួសារ​របស់​គាត់​អាច​ញ៉ាំ​អាហារ​បានតែ​ម្តងគត់​ក្នុង​មួយថ្ងៃ​។ ឥឡូវនេះ ទោះ​បី​ជា​រឿង​នោះ​នៅតែ​មាន​មន្ទិល​ក៏ដោយ ក៏​ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ ក្រុមគាំទ្រ​ពលរដ្ឋ​បាន​ចេញ​ការអំពាវនាវ​ជាបន្ទាន់​សម្រាប់​ការបរិច្ចាគ​ដើម្បី​ជួយ​មនុស្ស​ដូច​ជា​គាត់​។​

​លោក​បា​ប៊ីកឺ​បាន​និយាយ​ពី​ភាគ​ខាងជើង​ទីក្រុង​កា​ទុំ កន្លែង​ដែល​អ្នកស្រុក​និយាយថា​យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​ជា​តន្ត្រីករ​ក្នុងស្រុក​បាន​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន​រួចហើយ យ៉ាង​ដូច្នេះ​ថា “​យើង​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​”​។​

​នៅ​ទីក្រុង​ផត​ស៊ូដង់ (Port Sudan) នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ជា​ទី​ដែល​រួចខ្លួន​ពី​សង្គ្រាម កងទ័ព​បាន​និយាយថា កុមារ​ម្នាក់​បាន​រួច​រស់​ជីវិត​ពី​ការធ្លាក់​យន្តហោះ Antonov ដែល​បាន​សម្លាប់​មនុស្ស​ប្រាំបួន​នាក់​ផ្សេងទៀត​។ អាកាសយានដ្ឋាន​ក្រុង​ផត​ស៊ូដង់​គឺជា​អាកាសយានដ្ឋាន​តែមួយគត់​ដែល​នៅតែ​ដំណើរការ​នៅក្នុង​ប្រទេស​នេះ ដោយសារ​តែ​ជម្លោះ​។​

​ចាប់តាំងពី​ថ្ងៃទី ១៥ ខែ​មេសា ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ដែល​ដឹកនាំ​ដោយ​លោក អាប់ឌែល ហ្វាត​តា អាល់​បួ​ហាន (Abdel Fattah al-Burhan) និង​កងកម្លាំង​គាំទ្រ​រហ័ស (RSF) ដែល​ដឹកនាំ​ដោយ​លោក ម៉ូ​ហា​ម៉េដ ហាម​ដាន់ ដាកឡូ (Mohamed Hamdan Daglo) បាន​សម្លាប់​មនុស្ស​ជាង ៣.៩០០ នាក់ នេះ​បើ​យោង​តាម​ចំនួន​ស្លាប់​ចុង​ក្រោយ​ពី​គម្រោង​ទិន្នន័យ​ទីតាំង​ជម្លោះ​ប្រដាប់អាវុធ​និង​ព្រឹត្តិការណ៍ (ACLED)​។​

​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​និយាយថា មនុស្ស​ជាង ២,៦ លាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ក្នុង​ស្រុក ដែល​ភាគច្រើន​គឺ​មកពី​ទីក្រុង​កា​ទុំ​។​

​មនុស្ស​រាប់ពាន់​នាក់ ដែល​នៅ​សេសសល់​ក្នុង​រដ្ឋធានី ជាពិសេស​នៅ​ភាគ​ខាងជើង​ក្រុង​កា​ទុំ ត្រូវ​ជាប់គាំង ដោយ​គ្មាន​ទឹក ដោយហេតុ​ថា​ស្ថានីយ​ទឹក​ក្នុង​តំបន់​ត្រូវបាន​ខូចខាត​នៅពេល​ចាប់ផ្តើម​សង្គ្រាម​៕

​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត​នេះ​បាន​ឈាន​ចូលដល់​ថ្ងៃទី​១០០