ដោយ៖ដេប៉ូ/ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬ ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថានៅក្នុងដំណើរការ បោះឆ្នោត ជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បើទោះបីមានសន្លឹកឆ្នោតមិនបានការមួយចំនួនក្នុងនេះដូចជាក្រុមប្រឆាំងបានឃោសនាឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលក៏ដោយក៏មិនបង្កការប៉ះពាល់ដល់ដំណើរការបោះឆ្នោតទាំងស្រុងនៅកម្ពុជាបានឡើយ។
ការបញ្ជាក់បែបនេះធ្វើឡើងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.បនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំកាលពីល្ងាចថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។
លោកអគ្គលេខាធិការ គ.ជ.បបានលើកឡើងដែរថាទោះបីគិតរហូតមកដល់ពេលនេះគេមិនទាន់បានដឹងជាក់ពីស្ថិតិនៃសន្លឹកឆ្នោតយកជាការមិនបាននោះក៏ដោយ ប៉ុន្តែជាទូទៅហើយគេគិតសន្លឹកឆ្នោតដែលបានការប៉ុណ្ណោះ ចំពោះសន្លឹកឆ្នោតមិនបានការគេពុំគិតឡើយ។ហេតុនេះសន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ។
ជាមួយគ្នានេះដែរលោកបានលើកឡើងថា គ.ជ.បមិនមានវិធីរកថានរណាជាអ្នកគូសសន្លឹកឆ្នោតចោលទេ ប៉ុន្តែអ្នកគូសសន្លឹកឆ្នោតចោលហើយយកមកថតបង្ហោះនោះគេអាចស្រាវជ្រាវទៅដឹងថាបានបំផ្លាញ។អញ្ចឹងការគូសសន្លឹកឆ្នោតចោល ពុំមែនជាកំហុសទេ ប៉ុន្តែ ការយកទៅបង្ហោះជាសាធារណៈគឺវាធ្វើឱ្យការប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត នេះហើយដែលជាកំហុស ហើយគេអាចរកឃើញតាមរយៈមធ្យោបាយគាត់ផ្សព្វផ្សាយ”។
គួរបញ្ជាក់ថាការថ្លែងបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃគ.ជ.បបែបនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានសួរទាក់ទិនទៅនឹងក្រុមប្រឆាំង មួយចំនួនតូចបានធ្វើការឃោសនា និងជំរុញឱ្យពលរដ្ឋធ្វើការគូសសន្លឹកឆ្នោតចោលក្នុងពេលបោះឆ្នោតនេះរួចមក។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ១៨ មានគណបក្សចំនួនប្រាំបីប៉ុណ្ណោះ ដែលបានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បី សង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានសម្រេចអនុញ្ញាតមានសរុបចំនួន ៥៧,២ នាក់ (ស្រី ១៦,៦២៤ នាក់) ។
លោកបានបញ្ជាក់បន្ថែមថា ចាប់ពីវេលាម៉ោង ៧ ព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ហើយទោះបីជាមានការរំខានខ្លះដែលកើតឡើងដោយធាតុអាកាសយ៉ាងណាក៏ដោយក៏ដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។
ប្រធានគ.ជ.ប រូបនេះបានលើកឡើងដោយបញ្ជាក់ថា៖” បន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាម នីតិវិធី និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយ (១១០២.ទនោះ និងបានទៅ ទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ”។
គួរបញ្ជាក់ថាការរៀបចំបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះត្រូវបានគេដឹងថាមានអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣៣៣នាក់មកពី ៦៥ ប្រទេស និងស្ថាប័នអន្តរជាតិផ្សេងៗទៀតចូលរួមផងដែរ៕សរន / N