ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការ សមាគម នានា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃការបោះឆ្នោត សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រ យ៉ាងច្រើនលើសលប់ គួរជាទីមោទនៈ ។ នេះបើយោង តាមសេចក្តីថ្លែងការណ៍រួម របស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការ សមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
បណ្តុំអង្គការសង្គមស៊ីវិល សង្កេតឃើញថា ដំណើរការ ក៏ដូចជា ការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្ត និងសប្បាយរីករាយ ទាំងអស់គ្នា។ យ៉ាងណាមិញ យើងខ្ញុំចូលរួមថ្កោលទោស ដល់ក្រុមនិន្នាការប្រឆាំង ពិសេសអតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួក ដែលបានរត់ភៀសខ្លួន នៅក្រៅប្រទេសដែលបានញុះញង់ ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំង បានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹក ឆ្នោត មិនមានការថយចុះទៅវិញ បើប្រៀបធៀបនឹងការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោត មិនបានការ ចំនួនជាង ៤៤ ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួន នេះ តិចជាងចំនួនសន្លឹកឆ្នោត មិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួន រហូតដល់ ៥៩៤.៦៥៩ សន្លឹក ទិន្នន័យនេះ ចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ដើម្បីរក្សាបាននូវតម្លៃដ៏មហាសាលនេះ បណ្ដុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ យុវជននានា សូមធ្វើការប្រកាសគាំទ្រ ចំពោះលទ្ធផល ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចេញប្រកាសលទ្ធផលណ្តោះអាសន្ន និងសូមចូលរួមអបអរសាទរ ក៏ដូចជា មានការពេញចិត្តចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសម្លេងគាំទ្រ យ៉ាងច្រើនលើសលប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស លើការបោះឆ្នោតថ្នាក់ជាតិនេះ ៕ V / N