រលក​កំដៅ​វាយប្រហា​អឌ្ឍគោល​ខាងជើង បង្ក​ជា​ភ្លើងព្រៃ​នៅ​ក្រិ​ក អង់គ្លេស​និង​កាលីហ្វ័រ​ញ៉ា​

3182
ចែករម្លែក

​សីតុណ្ហភាព​ខ្ពស់​មិន​ធ្លាប់មាន​ពីមុន​បាន​បង្ក​អគ្គិភ័យ​ដ៏​អន្តរាយ​ចាប់ពី​ប្រទេស​ក្រិ​ក អង់គ្លេស​និង​រដ្ឋ​កាលី​ហ្វី​ញ៉ា ហើយ​អ្នកវិទ្យាសាស្ត្រ​និយាយថា វា​គ្មានអ្វី​ក្រៅតែពី​ការ​​ឡើង​កំដៅ​ពិភពលោក​ឡើយ​។​

​នៅ​ក្រិ​ក ភ្លើងព្រៃ​អាក្រក់​បំផុត​អស់​ពេល​១​សប្តាហ៍ បានសម្លាប់​មនុស្ស​៨៦​នាក់ តែ​នៅ​មិនទាន់​ច្បាស់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​​ដ៏​រាលដាល​នេះ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​បាន​និយាយថា មាន​សញ្ញា​ច្បាស់ៗ​ថា អគ្គិភ័យ​នេះ​ត្រូវបាន​គេ​ដុត តែ​មន្ត្រី​ប្រចាំ​តំបន់​ដែល​ភ្លើង​បានចាប់ផ្តើម​ឆេះ​បាន​និយាយថា លោក​ជឿ​​ថា ភ្លើងព្រៃ​នេះ​បង្កឡើង​ដោយ​ចៃដន្យ​មកពី​ខ្សែ​អគ្គិសនី​។​

​ភ្លើងព្រៃ​នៅ​អឌ្ឍគោល​ខាងជើង​ក៏បាន​សម្លាប់​ជីវិត​មនុស្ស​ផងដែរ​។​នៅ​កាលីហ្វ័រ​ញ៉ា​ខាងជើង មនុស្ស​២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា និង​រាប់រយ​នាក់​ត្រូវ​​បាន​ជម្លៀស​ចេញពី​អណ្តាតភ្លើង​។​យ៉ាងតិច​សំណង់​៦៥​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​។​

​ភ្លើងព្រៃ​ដ៏​ធំ​ក៏​បំផ្លាញ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​អង់គ្លេស ខណៈ​រលក​កំដៅ​បន្ត​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​។​

​នៅ​ស៊ុយអែត ខែកក្កដា​នេះ​ក៏​ជួប​អាកាសធាតុ​ក្តៅ​បំផុត​ក្នុង​រយៈពេល​២៥០​ឆ្នាំ​មកនេះ ។​មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់​ដោយ​កំដៅ​នៅ​ជប៉ុន ខណៈ​សីតុណ្ហភាព​ឡើង​​ដល់​៤១​អង្សា​សេ​។​

​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​American Meteorological Society បាន​សន្និដ្ឋានថា ការឡើង​កំដៅ​ពិភពលោក​ទទួលខុសត្រូវ​ចំពោះ​ការឡើង​សី​តុ​ណ្ហ​​ភាព​នៅ​ទូទាំង​ពិភពលោក ។​

​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​គំរោង​អាកាសធាតុ​ពិភពលោក បាន​វាយ​តំលៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា​ថា ការប្រែប្រួល​អាកាសធាតុ​ធ្វើអោយ​រលក​កំដៅ​នៅ​អឌ្ឍគោល​​ខាងជើង​ឡើង​លើស​ធម្មតា​ជាង​ពីរដង​៕​ដោយៈ​វាសនា​

ភ្លើងព្រៃនៅកាលីហ្វ័រញ៉ា សម្លាប់មនុស្ស២នាក់កាលពីថ្ងៃ២៧កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម