ដោយ៖ សុវណ្ណកុម្ភៈ/ ភ្នំពេញ៖ កីឡាករ គ្រូបង្វឹក និងមន្ត្រីដឹកនាំកីឡាវាយកូនបាល់កម្ពុជា បានចេញដំណើរ ទៅចូលរួមព្រឹតិ្តការណ៍ការ ប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZONE GROUP III នៅប្រទេសស្រីលង្កាហើយ ។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹង ថាៈ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រៀមបញ្ជូនគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ សរុបចំនួន ៧ នាក់ ធ្វើដំណើរទៅកាន់ទីក្រុងកូឡុំបូ នៃប្រទេស ស្រីលង្កា ដើម្បីចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA / OCEANIA ZONE GROUP III ដែលព្រឹត្តិការណ៍នេះ នឹងបញ្ចប់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។
លោកបានបន្តថាៈ គណៈប្រតិភូទាំង ៧ នាក់ រួមមាន អ្នកនាង ឯក ប៊ុនលក្ខិណា ប្រធានដឹកនាំក្រុម លោក ជា ពៅ ដឹកនាំកីឡាករ លោក អានីរូស ប្រាអេន ជាគ្រូបង្វឹក កីឡាករ ឡុង សំនៀង កីឡាករ ឃ្លាំង ពន្លក កីឡាករ ទេព ទីម៉ូធី និងកីឡាករ ឡេង សារិនរាជ។
លោកបានបន្តថាៈ ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសស្រីលង្កា មានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើង បានកាន់ទង់ជាតិកម្ពុជា លើឆាក អន្តរជាតិ ពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះ គឺឆ្នាំ២០២៥ នេះ ប្រទេសថៃ ធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣៣ ឆ្នាំ២០២៥ ។
ប្រសិនបើកម្ពុជា ទទួលជោគជ័យនៅក្នុងក្រុម ៣ នេះ នាឆ្នាំក្រោយ កម្ពុជានឹងបន្តឡើង ទៅលេងនៅក្រុម២ ដែលជាក្រុម មានកម្រិតខ្ពស់ជាងក្រុម៣។
សូមបញ្ជាក់ថា កម្ពុជា បានឈានជើង ចូលលេងក្នុងព្រឹត្តិការណ៍ Davis Cup ដំបូង គឺលេងក្នុងក្រុម៤ ប៉ុណ្ណោះ៕/V/R