​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រលក​កំដៅ​បង្កភ្លើងព្រៃ​ជាច្រើន​កន្លែង​​នៅ​ទូទាំង​ប្រទេស​អាល់​ហ្សេ​រី និងសម្លាប់​មនុស្ស​ជាង​៣០​នាក់​ ហើយបង្ខំ​អោយ​មនុស្ស​រាប់ពាន់​នាក់​ភៀសខ្លួន​។​នៅពេល​សីតុណ្ហភាព​ឡើងដល់​៤៨​អង្សា​សេ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ គេ​សង្កេតឃើញ​មាន​ភ្លើងព្រៃ​៩៧​នៅ​១៦​ខេត្ត ដោយ​អណ្តាតភ្លើង​កាន់តែ​រាលដាល​ដោយសារ​ខ្យល់​ខ្លាំង​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយថា ភ្លើងព្រៃ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣៤​នាក់ រួម​មាន​ទាហាន​១០​នាក់ នៅពេល​ភ្លើង​ឆេះ​រាល​ចូល​តំបន់​មនុស្ស​រស់​នៅ​។​មនុស្ស​២៦​នាក់​ទៀត​បាន​រងរបួស​និង​ប្រមាណ​១.៥០០នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ខេត្ត​បី​បួន​នៅ​ខាងកើត​រដ្ឋធានី​អាល់​ហ្ស៊ែ​រ​។​

​ប្រធានាធិបតី អាប់​ដែល​ម៉ា​ត​ជី​ត តេ​បបូន​(Abdelmadjid Tebboune )​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​គ្រួសារ​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​នេះ​។​

​ក្រសួង​បាន​បញ្ជាក់ថា អ្នក​ពន្លត់​អគ្គិភ័យ​៧.៥០០​នាក់​និង​រថយន្ត​បាញ់​ទឹក​ចំនួន​៣៥០​បាន​ចូល​ក​រួម​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ភ្លើងព្រៃដែលកំពុងឆេះ​នៅក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ។​

​សូមបញ្ជាក់​ថា ភ្លើងព្រៃ​តែង​កើតមាន​នៅក្នុង​ព្រៃ​និង​វាលស្រែ​នៅ​អាល់​ហ្សេ​រីនា​រដូវក្តៅ តែ​ឆ្នាំនេះ​វា​ហាក់​មានសភាព​ខ្លាំង​ឡើង​ដោយសារ​រលក​កំដៅ​មួយ​ដែល​កំពុង​វាយប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ាណេ​។​

​ដោយសារ​រលក​កំដៅ​នេះ នៅ​ទុយ​នេ​ស៊ី​កាលពី​ថ្ងៃ​ចន្ទ​សីតុណ្ហភាព​បាន​ឡើង​ដល់​ជិត​៥០​អង្សា​សេ​និង​បង្ក​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​ព្រំដែន​អាល់​ហ្សេ​រី​៕