ខេត្ត​ចំនួន​ប្រាំ​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

1547
ចែករម្លែក

-​ស្ទឹងត្រែង​និង​ក្រចេះ​ប្រឈម​នឹង​ជំនន់​ទឹកទន្លេ​មេគង្គ​ពីរ​បី​ថ្ងៃ​ខាងមុខ​,​ទឹកទន្លេ​មេគង្គ​លើ​នឹង​ឡើងដល់​កំរិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ចាប់ពី​ថ្ងៃទី ២៨-៣០ ខែកក្កដា​នេះ​

(​ភ្នំពេញ​)៖​តំបន់​ខ្លះ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​បាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កម្រិត​លើសពី​១០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​​ថ្ងៃ​រួចមក ។ ឯ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​ក៏​ប្រឈម​នឹង​ជំនន់​ទឹកទន្លេ​មេគង្គ​ដែរ នៅក្នុង​រង្វង់​ពេល​ពីរ​បី​ថ្ងៃ​ខាងមុខនេះ​។​នេះ​បើតាម​​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួង​ធនធានទឹក​។​
​ ​
​លោក​ចាន់​ ​យុ​ត្ថា​ ​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​ថា​ ​ព្យុះ​សុន​កា​បាន​ថយឥទ្ធិពល​ពេល​ចូលដល់​ក្នុង​ទឹកដី​ប្រទេស​ថៃ​ជាប់​ព្រំដែន​ប្រទេស​ឡាវ​ហើយ​ក្លាយទៅជា​សម្ពាធ​ទាប​សកម្ម​(Active Low)​តែ​ភ្លៀង​នៅតែមាន​ធ្លាក់​ច្រើន​ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​នៅក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃទី​២៧​ខែកក្កដា​ទើប​ចុះខ្សោយ​បន្តិច​វិញ​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ភ្លៀង​ធ្លាក់​នៅក្នុង​ប្រទេស​កម្ពុជា​ពីរ​បី​ថ្ងៃ​ជាប់​គ្នា​ដោយនៅ​តំបន់​ខ្លះ​នៃ​ខេត្ត​មួយចំនួន​មាន​បរិមាណ​រហូតដល់​ជាង​៣០០​មី​លី​ម៉ែត្រ បាន​បង្ក​ឲ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង​លិច​ភូមិដ្ឋាន​ផ្លូវថ្នល់​ដូចជា​នៅ​ខេត្តព្រះវិហារ ឧ​ត្ត​រ​មាន​ជ​យ័ កោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​ជាដើម​។​
​ ​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មក​ច្រើន​ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ខ្ពង់រាប​​ភាគ​ឦសាន​។​ដោយសារតែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​និង​អាងទឹក​នានា​មានទឹក​ពេញ​ហើយ​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹកបាន​បញ្ជា​​ឲ្យ​បម​ន្ត្រី​ជំនាញ​បញ្ជូន​គ្រឿងចក្រ​ទៅកាន់​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ហើយ​ដើម្បី​ត្រៀម​អន្តរាគមន៍​ប្រព​ន្ធ័​ធារាសាស្ត្រ​នានា​។​ចំពោះ​ស្ទឹង​​ព្រែក​ត្នោត​មិនទាន់មាន​បញ្ហា​ប្រឈម​ពី​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។​
​ ​
​ចំណែក​ស្ថានភាព​ទឹកទន្លេ​មេគង្គ​វិញ​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅ​ខេត្តស្ទឹងត្រែង​ទឹក​អាច​នឹង​ឡើងដល់​១០.៧០​ម៉ែត្រ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ជា​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ ។ នៅ​ខេត្តក្រចេះ​ទឹក​អាច​នឹង​ឡើងដល់ ២២​ម៉ែត្រ នៅ​ថ្ងៃទី​៣០​ខែកក្កដា​ជា​​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ ៕​ដោយ​៖​វាសនា-ប​.​ខុន

ទឹកអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកំរិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ និងកំពុងជន់ហូរកាត់ពីលើស្ពាន ។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៦ ខែកក្កដា នេះ ទឹកក្នុងអាងមានកំពស់ ៣,​៤០ ម៉ែត្រ (កំរិតកំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ) ។

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម