ត្រាំ អរគុណ គីម ជុង អ៊ុន នៅពេល​កូរ៉េខាងជើង​ប្រគល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​

3060
ចែករម្លែក

កាលពីថ្ងៃសុក្រទី២៧កក្កដាកូរ៉េខាងជើងបានប្រគល់ប្រអប់ដាក់អដ្ឋិធាតុទាហានអាមេរិកចំនួន៥៥ ដែលត្រូវបានគេគិតថាត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។

ការប្រគល់ប្រអប់អដ្ឋិធាតុដែលព័ទ្ធរុំដោយទង់ជាតិពណ៌ខៀវនិងសរបស់អង្គការសហប្រជាជាតិទាំងនេះ គឺតំណាងឱ្យជ័យជំនះការទូតជាជំហានដំបូងសម្រាប់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីកិច្ចជំនួបកំពូលកាលពីថ្ងៃទី១២ខែមិថុនា ជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុននៅប្រទេសសិង្ហបុរី ដែលមានគោលបំណងចម្បងក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក។

លោក ដូណាល់ត្រាំ បាននិយាយនៅក្នុងពិធីមួយនៅ​សេតវិមានថា ” “ខ្ញុំចង់អរគុណ លោក គីម ជុង អ៊ុន ដែលបានរក្សាពាក្យរបស់លោក ” ។ នៅក្នុងពិធីនោះ លោក បានសរសើរទាហានដែល បាត់បងជីវិតទាំងនោះថាជាវីរបុរសមកពីអាមេរិក។

លោក ដូណាល់ត្រាំ បាននិយាយបន្តថា ” យើងនឹងទទួលអដ្ឋិធាតុទាហានអាមេរិកជាច្រើនទៀតដែលនឹងមកដល់ជាបន្តបន្ទាប់ ហើយ អរគុណ លោក គីម ជុង អ៊ុនដែលបានបំពេញការសន្យាដែលលោកបានសន្យាចំពោះខ្ញុំ ។ ខ្ញុំជឿជាក់ថាលោកនឹងបន្តធ្វើតាមការសន្យានេះ “។

យន្តហោះដឹកយោធាអាមេរិកមួយគ្រឿង បានដឹកអដ្ឋិធាតុទាហានអាមេរិកទាំងនេះ ពីទីក្រុងWonsan ប្រទេសកូរ៉េខាងជើង ទៅកាន់មូលដ្ឋានកងទ័ពអាកាសOsan នៅកូរ៉េខាងត្បូងនៅមុនពេលដឹកបន្តទៅសហរដ្ឋអាមេរិក។

កងទ័ពអាមេរិកជាង៧.៧០០នាក់ បានបាត់ខ្លួនក្នុងសង្គ្រាមកូរ៉េនេះ ហើយ ទាហានអាមេរិកប្រហែល ៥.៣០០ នាក់ បានបាត់ខ្លួនក្នុងអ្វីដែលគេជឿថានៅប្រទេសកូរ៉េខាងជើង ៕ដោយ៖សុខា/sn

អដ្ឋិធាតុទាហានអាមេរិកដែលដឹកតាមយន្តហោះ មកដល់មូលដ្ឋានកងទ័ពអាកាសអាមេរិកមួយនៅកូរ៉េខាងត្បូង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ