ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៥ កក្កដា ម្សិលមិញនេះ ប្រតិភូកីឡានគរបាល ជាតិកម្ពុជា សរុបចំនួន ៤៩រូប លើ ១៣ ប្រភេទកីឡា បានធ្វើដំណើរទៅចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។

កីឡាទាំង ១៣ ប្រភេទកីឡា រួមមាន កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, វាយកូនគោល, លើកទម្ងន់ Bench Press និងកីឡាលើកទម្ងន់ Push -Pull lifting សរុបទាំងអស់ ស្មើនឹង ៧៦ វិញ្ញាសា។

ព្រឹត្តិការណ៍ World Police and Fire Games ឆ្នាំ២០២១ ដែលលើកមក រៀបចំនៅឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩ នៅប្រទេសហូឡង់ ក្រុមកម្ពុជា បានបញ្ជូនអត្តពលិកនគរបាលជាតិតែ ៦ ប្រភេទកីឡាប៉ុណ្ណោះ ទៅចូលរួម ដោយដណ្ដើម បានមេដាយសរុប ៣៣ គ្រឿងឯណោះ រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំ អគ្គលេខាធិការ ដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ ឆ្នាំនេះ ដោយមានការ យកចិត្តទុកដាក់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ កម្ពុជា បានបញ្ជូនប្រតិភូ-កីឡា នគរបាលជាតិ ចូលរួមព្រឹត្តិការណ៍ពិភពលោកខាងលើ ច្រើនជាងឆ្នាំមុន។ ហើយអ្វីដែល ពិសេសនោះ គឺកីឡាករ-កីឡាការិនីទាំង ១៣ប្រភេទ នឹងត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ធ្វើឲ្យលោកមានសុទិដ្ឋនិយមខ្ពស់ ក្នុងការស្វែងរកមេដាយជូនជាតិ ។

ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល​និងកងពន្លត់អគ្គិភ័យពិភពលោកនេះ គឺបង្ហាញជាការបង្ហាញឲ្យឃើញ ពីសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិកម្ពុជា, យើងមានក្ដីសង្ឃឹមខ្ពស់ សឹងតែគ្រប់ប្រភេទកីឡាទាំង ១៣ ដែលយើងបញ្ជូនទៅចូលរួម គឺសង្ឃឹមនឹងដណ្ដើមបានមេដាយ ទាំងមេដាយមាស ប្រាក់ សំរឹទ្ធ ហើយបានច្រើនជាង កាលដែលយើងទៅចូលរួមប្រកួត នៅហូឡង់ ។

ក្រៅពីលទ្ធផលការចូលរួមនេះ ក៏បង្ហាញពីសាមគ្គីភាពរបស់កងកម្លាំងនគរបាល ជុំវិញពិភពលោក ដែលសម្ដែងឲ្យឃើញ នូវការស្រលាញ់រាប់អានគ្នា រវាងកងកម្លាំង នគរបាល ប្រទេសនីមួយៗ។ ការចូលរួមប្រកួតកីឡានេះ គឺវាជាការផ្សាភ្ជាប់នូវសាមគ្គីភាព រវាងកងកម្លាំងទាំងអស់ មិនថា ប្រទេសយើង ឬប្រទេសណាទេ។ រៀងរាល់ឆ្នា ​យ៉ាងតិច ក៏មាន ៧០ ប្រទេស ចូលរួមព្រឹត្តិការណ៍នេះដែរ៕ V / N