ដោយ: បូកគោ/កំពត: ប្រជាពលរដ្ឋខេត្តកំពត បានលើកឡើងថា ដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានលក្ខណ:ល្អប្រសើរ តាំងពីពេលឃោសនា រហូតដល់ការរាប់សន្លឹកឆ្នោត ចុងក្រោយ។ ភាពត្រឹមត្រូវ សុក្រឹតយុត្តិធម៌ និងតម្លាភាព កើតមានឡើងពិតៗ ដោយមិនអាចប្រកែកបាន។ ពលរដ្ឋខេត្តកំពត សប្បាយរីករាយ ពេលឃើញគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រ ដ៏ច្រើនលើសលប់។
ផ្អែកតាមលទ្ធផលបឋម គឺគណបក្សប្រជាជនកម្ពុជា បាននាំមុខដាច់ ក្នុងចំណោម គណបក្សនយោបាយ ចំនួន១៨ ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧។ ទិដ្ឋភាពបែបនេះប្រជាពលរដ្ឋខេត្តកំពតបានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតមានលក្ខណ:ល្អ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌និងតម្លាភាព ដោយគ្មានការក្លែងបន្លំ លើករណីណាមួយឡើយ។ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត នឹងកាន់តែរីកចម្រើនថែមទៀត ជាក់ជាមិនខាន។
លោក តែ ជិនណារិទ្ធ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត បានប្រាប់ឲ្យដឹងថាៈ ខេត្តកំពត មានគណបក្សនយោបាយចំនួន ១២ ឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នៅទូទាំងខេត្ត មានប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត ៣៦១.០៣៣ នាក់ ស្មើនឹង ៨៥,៧៣ ភាគរយ នៃចំនួនពលរដ្ឋ មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចំនួន ៤២១.១១៩នាក់។
លោកប្រធាន បានបន្តថាៈ ស្ថានភាពទូទៅ មានភាពល្អប្រសើរ ចាប់តាំងពីពេលបើក ការិយាល័យ រហូតដល់រាប់សន្លឹកឆ្នោតចុងក្រោយ គឺគ្មានបាតុភាពអ្វីមួយកើតឡើង សូម្បីពាក្យបណ្តឹង ក៏គ្មានដែរ។ ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាបាននាំមុខដែលអាចនឹងទទួលបានកៅអី ៦លើ៦ តែម្តង៕/V-PC