ពលរដ្ឋ​ធ្វើដំណើរ​តាម​រថភ្លើង​មាន​ចំនួន​ច្រើន​សព្វដង​

1589
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​កត់សម្គាល់​នៅតាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ការបោះឆ្នោត​តាម​មធ្យោបាយ​ផ្សេងៗ​គ្នា​។ ជាមួយគ្នានេះ បុគ្គលិក​នៃ​ស្ថានីយ៍​រថភ្លើង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍​នេះ​ចំនួន​ប្រជាពលរដ្ឋ​មក​ធ្វើដំណើរ​តាម​រថភ្លើង (​ផ្លូវដែក​) ក៏មាន​ចំនួន​ច្រើនជាង​ថ្ងៃ​សព្វដង​។​

​បើតាម​ការ​ឲ្យ​ដឹង​របស់​បុគ្គលិក​នៃ​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ថា ក្នុង​មួយថ្ងៃ​មាន​អ្នកចូលរួម​ធ្វើដំណើរ តាម​រថភ្លើង​ប្រមាណ​ជាង​១០០​នាក់​ប៉ុណ្ណោះ ស្មើនឹង​ទូ​ចំនួន​ពីរ ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ ក្នុងនោះ​មាន​ឆ្លងកាត់ ខេត្តតាកែវ និង​ខេត្តកំពត​។ ប៉ុន្តែ​ក្នុងថ្ងៃនេះ​មាន​ចំនួន​កើនឡើង​រហូតដល់​ជាង​២០០​នាក់ ស្មើនឹង​ទូ​ចំនួន​បី​។ បុគ្គលិក​នេះ​ឲ្យ​ដឹង​ទៀតថា ដោយឡែក​ពី​ភ្នំពេញ​ទៅកាន់​សិរីសោភ័ណ​ប៉ោយប៉ែត (​ខេត្តបន្ទាយមានជ័យ​) ក្នុងនោះ​ឆ្លងកាត់​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង មាន​អ្នកជិះ​ប្រមាណ​៤០០​នាក់ ស្មើនឹង​ទូ​សរុប​ចំនួន​០៥ ដោយ​ក្នុង​មួយ​ទូ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ពី ៧០ ទៅ ៨០​នាក់​។​

​គួររម្លឹកថា ការធ្វើដំណើរ​តាម​រថភ្លើង (​ផ្លូវដែក​) ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ផ្តល់ជូន​ការធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ (​មិន​បង់ប្រាក់​)​រហូតដល់​បំណាច់​ខែកក្កដា​នេះ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទាំង​ដំណើរ​ទៅ​និង​ត្រឡប់មកវិញ​។​

​សូមបញ្ជាក់​ទៀតថា កាលពីពេល​កន្លងទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ និយោជក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ថា ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត បាន​ឈប់សម្រាក​ចំនួន​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ជូន​កម្មករនិយោជិត​ដដែល​៕ ល​


ទីតាំងផ្សាយពាណិជ្ជកម្ម