ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទាហាន​ម៉ា​រី​ន​ម៉ិក​ស៊ិក ដែល​កំពុង​បំពេញ​កាតព្វកិច្ច​គយ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​រកឃើញ​កុងតឺន័រ​ដឹកជញ្ជូន​មួយ ដែល​ផ្ទុក​ដប​ទឹក​សុទ្ធ​ចំនួន ៧.២០០ ដប​ដែលមាន​ស្លាក​ជាតិ​អាល់កុល​សម្រាប់​ផលិត​ស្រា ប៉ុន្តែ​តាម​ពិត​វា​មាន​ផ្ទុក​សារធាតុ​មេតំ​ហ្វេ​តា​មីនរា​វ​។​

​ការដឹកជញ្ជូន​ថ្នាំញៀន​ដ៏​ធំ​នេះ​ត្រូវបាន​រកឃើញ​នៅ​លើ​កប៉ាល់​ដោត​ទង់ជាតិ​លី​បេរី​យ៉ានៅ​កំពង់ផែ​ឆ្នេរ​ប៉ាស៊ីហ្វិក ម៉ាន់​ហ្សា​នី​ល​ឡូ (Manzanillo)​។ កុងតឺន័រ​មាន​ទិសដៅ​ទៅ​ប្រទេស​អូស្ត្រាលី នេះ​បើ​យោងតាម​ឯកសារ​ដឹកជញ្ជូន​។​

​កង​ម៉ា​រី​ន​បាន​និយាយថា ការដឹក​ជញ្ជូន​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំញៀន​ចំនួន ៩,៥ តោន ទោះបីជា​ទម្ងន់​គ្រឿងញៀន​ស្ងួត​មាន​តិច​ជាង​នេះ​ក៏ដោយ​។​

​ដប​ទាំងនោះ​មាន​ម៉ាក​យីហោ Mezcal Social ហើយ​ត្រូវបាន​សម្គាល់ថា​ជា “​ធាតុ​ផ្សំ​សម្រាប់​ផលិត​ស្រា​”​។​

​មកទល់ពេលនេះ កង​ម៉ា​រី​ន​ម៉ិក​ស៊ិក​បាន​រឹបអូស​ថ្នាំញៀន​ជាង ១២៤ តោន​នៅ​ទូទាំង​ប្រទេស​។​

​វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិក​ស៊ិក ដែល​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​គ្រឿងញៀន បាន​ព្យាយាម​រត់ពន្ធ​គ្រឿងញៀន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ឬ ក្នុង​ទម្រង់​វត្ថុ​រាវ​។​

​ក្នុង​ឆ្នាំ ២០២២ មន្ត្រី​ក្នុង​ទីក្រុង​ហុងកុង​បាន​រឹបអូស​បាន​ថ្នាំញៀន​គ្រី​ស្តាល់​តម្លៃ ៥,៩ លាន​ដុល្លារ ដែល​លាក់​ទុក​ក្នុង​កុងតឺន័រ​ដឹកជញ្ជូន​ឧបករណ៍​បំប្លែង​អគ្គិសនី ពី​ម៉ិក​ស៊ិក​ឆ្ពោះទៅ​អូស្ត្រាលី​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកគេ​បាន​រាយការណ៍​ថា​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនរា​វ ២ តោន​លាក់ទុក​ក្នុង​ដប​ដែល​បិត​ស្លាក​ទឹកដូង ដែល​បានមក​ពី​ម៉ិក​ស៊ិ​ក​តាម​សមុទ្រ​។ គ្រឿងញៀន​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​តម្លៃ ១៤០ លាន​ដុល្លារ​នេះ​គឺជា​ការ​រឹបអូស​ថ្នាំញៀន​ដ៏​ធំ​បំផុត​នៅ​ហុងកុង​៕

​កង​ម៉ា​រី​ន​ម៉ិក​ស៊ីករក​ឃើញ​ថា​ដប​ទាំង ៧.២០០ ជា​មេតំ​ហ្វេ​តា​មីនរា​វ កាលពី​ថ្ងៃទី ២៦ កក្កដា ២០២៣